ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅក្នុងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល បាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៦២២ នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង (West Bank) និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ( East Jerusalem) ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះ ក្នុងចំណោមពួកគេ មនុស្ស ១៣៦នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ ក៏បាននិយាយផងដែរថា ជនជាតិប៉ាឡេស្ទីនជាង ៣.៣០០នាក់ នៅតំបន់វេសបែង រួមទាំងកុមារចំនួន ១.៤៣០នាក់ ត្រូវបានផ្លាស់ទីលំនៅ ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។