អនុប្រធានគណកម្មការអឺរ៉ុបលោក Josep Borrell បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ លោកបានចាប់ផ្តើមដំណើរការសាកសួររដ្ឋសមាជិកសហភាពអឺរ៉ុប(EU)ថាតើពួកគេចង់ដាក់ទណ្ឌកម្មរដ្ឋមន្រ្តីមួយចំនួនរបស់អ៊ីស្រាអែលដែរឬទេ ។
ស្របពេលលោក Borrell ដែលជាប្រធានគោលនយោបាយបរទេសរបស់ EU ពុំបានបញ្ជាក់ឈ្មោះនរណាម្នាក់នោះ លោកបានរិះគន់ជាសាធារណៈនៅលើបណ្តាញព័ត៌មានសង្គមពីរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X លោក Borrell បញ្ជាក់ថា ភាពរន្ធត់បង្កឡើងដោយលោករដ្ឋមន្រ្តី Katz ជាពិសេសការជម្លៀសជនប៉ាឡេស្ទីន បានគំរាមកំហែងធ្វើឲ្យកើតមានអស្ថិរភាពបន្ថែមទៀត ។

គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការជម្លៀសបណ្តោះអាសន្នជនប៉ាឡេស្ទីនចេញពីតំបន់វ៉េសប៊ែង ស្របពេលដែលកងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បន្តប្រតិបត្តិការសឹកនៅទីនោះ ។
នៅលើបណ្តាញព័ត៌មានសង្គម X លោក Katz បញ្ជាក់ថា ពួកយើងត្រូវតែដោះស្រាយការគំរាមកំហែងដូចដែលពួកយើងដោះស្រាយហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅតំបន់ហ្កាហ្សា រួមទាំងការជម្លៀសបណ្តោះអាសន្នជនប៉ាឡេស្ទីន ហើយជំហានអ្វីក៏ដោយ គឺត្រូវការចាត់ជាចំាបាច់ ។
ប្រតិបត្តិការចុះដោយអ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធ ឃើញកងកម្លាំង IDF វាយឆ្មក់ទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង រួមទាំងទីក្រុង Jenin និងទីក្រុង Tulkarm ផងដែរ ។ ជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារនេះ ៕

