នគរបាលចរាចរណ៍ក្រុងញូវដែល្លី បានចេញប្រកាសអាសន្ននៅថ្ងៃព្រហស្បតិ៍ ព្រមានអ្នកស្រុកពីទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនទូទាំងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីយប់កន្លងទៅបង្កជាទឹកជំនន់ដ៏គំហក់ ។
រូបភាពវីដេអូឃ្លីបឃើញការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ហើយរថយន្តបើកបរយឺតនៅតាមដងផ្លូវរងការជន់លិចធ្ងន់ធ្ងរ ។ អ្នកដំណើរត្រូវបានគេមើលឃើញដើរលុកទឹកត្រឹមស្មងជើងនៅតាមផ្លូវផងដែរ ។
ប្រទេសឥណ្ឌា បានជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងរលកកម្តៅនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
កាលពីខែមិថុនាកន្លងទៅ ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យបាក់ដំបូលផ្ទះនៅរដ្ឋធានីញូវដែល្លី ជន់លិចផ្លូវ ធ្វើឲ្យកកស្ទះចរាចរណ៍ ក៏ដូចជាកាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ។
ដោយឡែក តំបន់រស់នៅរបស់អ្នកស្រុកជាច្រើន បានរងការជន់លិចផងដែរ ក្នុងទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់នៅរដ្ឋ Gujarat ។
ប្រជាពលរដ្ឋ គ្មានកន្លែងត្រូវទៅនោះទេ ដោយសារទឹកជំនន់ ពេលដែលពួកគេដើរលុកទឹកតាមផ្លូវ ក្នុងនោះរថយន្តតូច-ធំ ស្ទើតែលេចលង់ទាំងស្រុង ។
ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោច ៩៩នាក់ បានស្លាប់ នៅក្នុងរដ្ឋ Gujarat ដោយសារឧបទ្ទេវហេតុពាក់ព័ន្ធនឹងភ្លៀងធ្លាក់ ចាប់តាំងពីរដូវវស្សាចាប់ផ្តើម ៕


