ប្រធានការទូតអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានស្វាគមន៍ការលុកលុយរបស់យោធាអ៊ុយក្រែនចូលទៅក្នុងតំបន់ឃើស ( Kursk) ដោយពណ៌នាថា ជា«ភាពក្លាហានជាយុទ្ធសាស្ត្រ» ហើយបានអំពាវនាវឲ្យផ្តល់អាវុធការពារដែនអាកាសបន្ថែម ដល់ទីក្រុងគីវ និងដកចេញនូវរាល់ការរឹតបន្តឹងលើការវាយប្រហារលើប្រទេសរុស្ស៊ីដោយប្រើអាវុធលោកខាងលិច។ លោក បាននិយាយនៅពេលមកដល់ក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba ។
លោក បូរ៉ែល បានផ្លាស់ប្តូរកិច្ចប្រជុំពីទីក្រុងប៊ុយដាប៉ែស ( Budapest) ទៅកាន់ទីក្រុងប្រ៊ុចសែល ( Brussels) ដើម្បីដាក់ទណ្ឌកម្មប្រទេសហុងគ្រី ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban ទៅកាន់ប្រទេសរុស្ស៊ី និងប្រទេសចិនកាលពីដើមខែកក្កដា ជាមួយនឹងគំនិតផ្តួចផ្តើមសន្តិភាព «មិនមានការសម្របសម្រួល» ជាមួយគណៈកម្មការអឺរ៉ុប។
លោកបាននិយាយថា៖«អ៊ុយក្រែនបានបង្ហាញពីភាពក្លាហានជាយុទ្ធសាស្ត្រជាច្រើន ក្នុងការបើកការវាយប្រហារ នៅក្នុងទឹកដីរុស្ស៊ី។ នេះ គឺជាព័ត៌មានដ៏សំខាន់ជាយុទ្ធសាស្ត្រ»។ លោក បានចោទប្រកាន់រុស្ស៊ីពីការវាយប្រហារសងសឹកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន ដែលលោកបានបញ្ជាក់ថា នឹងធ្វើឲ្យ អ៊ុយក្រែន ធ្លាក់ទៅក្នុងភាពងងឹត និងត្រជាក់កាន់តែខ្លាំង»។