បេសកកម្មសហភាពអឺរ៉ុប នៅក្នុងសមុទ្រក្រហម បាននិយាយថា គ្មានការកំពប់ប្រេងចូលក្នុងទឹកសមុទ្រនោះទេនៅជិតនាវាដឹកប្រេងដោតទង់ជាតិក្រិក ដែលរងការវាយប្រហារដោយក្រុមជីវពលហ៊ូទី នៅជិតតំបន់ឆ្នេរសមុទ្រប្រទេសយេម៉ែន ។
រូបថតសន្លឹកពីបេសកកម្ម EUNAVFOR Aspides ឃើញអគ្គិភ័យជាច្រើនកន្លែងនៅលើនាវា Sounion ហើយផ្សែងបានហុយឡើងលើអាកាស ។

បេសកកម្ម Aspides និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃពុធថា នាវា Sounion នៅបោះយុថ្កា ហើយពុំបានអណ្តែតទៅណានោះទេ ។
គួរឲ្យដឹងថា អ្នកនាំពាក្យមន្ទីរបច្ចកោណ បាននិយាយថា នាវាដឹកប្រេងឆៅ Sounion ដែលរងការវាយប្រហារកាលពីពេលថ្មីៗនេះដោយក្រុមឧទ្ទាមហ៊ូទីយេម៉ែន នៅបន្តឆាបឆេះក្នុងសមុទ្រក្រហម ហើយឥឡូវវាទំនងជាលិចប្រេង ។
នាវា Sounion បានក្លាយជាគោលដៅវាយប្រហារកាលពីសប្តាហ៍មុនដោយកាំជ្រួចផ្លោងជាច្រើនគ្រាប់ជិតទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន ។
ដោយឡែក អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី លោក Mohammed Abdulsalam បាននិយាយ កាលពីល្ងាចថ្ងៃពុធថា ពួកគេយល់ព្រមអនុញ្ញាតឲ្យមានប្រតិបត្តិការជួយសង្គ្រោះ និងសណ្តោងនាវាដឹកប្រេងដែលឆេះ នៅសមុទ្រក្រហម ។
លោកថាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចរចាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅទីក្រុង Muscat ប្រទេសអូម៉ង់ ៕

