អ្នកស្រុកនៅសហគមន៍ងាយរងគ្រោះ ក្នុងតំបន់ភាគខាងកើតប្រទេសបូលីវី បានបង្ហាញក្តីកង្វល់របស់ពួកគេចំពោះកង្វះខាតទឹក និងសម្ភារៈប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅក្នុងតំបន់របស់ពួកគេ ។
លោក Augustin Paracuche គឺជាមេដឹកនាំក្នុងស្រុកមួយរូបមកពីសហគមន៍ San Josecito del Sari បញ្ជាក់ថា ក្រុមអ្នកស្រុកដែលស្ម័គ្រចិត្តចូលរួមពន្លត់ភ្លើងឆេះព្រៃ បានបង្ខំចិត្តប្រើប្រាស់ដបប្លាស្ទិកដោយសារបរិមាណមិនគ្រប់គ្រាន់នៃសម្ភារៈពន្លត់ភ្លើងឆេះព្រៃ ហើយលោកបានលើកឡើងម្តងទៀតពីកង្វះខាតទឹកដែលនាំឲ្យរារាំងដល់កិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃនៅតំបន់នោះ ។
យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលក្នុងតំបន់ដែលបានចែករំលែកកាលពីថ្ងៃអង្គារ បានឲ្យដឹងថា នៅប្រទេសបូលីវី ភ្លើងឆេះព្រៃ ៤៣កន្លែង កំពុងឆាបឆេះនៅតំបន់ Santa Cruz ។ ក្រុមអាជ្ញាធរ រាយការណ៍ថា ដីព្រៃជិត ២លានហិច បានរងផលប៉ះពាល់ ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរសុខភាព បានជូនដំណឹងដល់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធថា ក្រុមគ្រូពេទ្យ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ ៕


