អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានធ្វើដំណើរទៅដល់ប្រទេសទីម័រឡេស្តេ កាលពីថ្ងៃពុធ ដើម្បីចូលរួមការប្រារព្ធខួបលើកទី ២៥នៃការធ្វើប្រជាមតិ និងឯករាជ្យរបស់ប្រទេសមួយនេះ ។
អំឡុងដំណើរទស្សនកិច្ចនេះ លោក Guterres ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្មេងៗសិស្សសាលាដែលស្លៀកពាក់ឯកសណ្ឋានប្រពៃណីនៅតាមដងផ្លូវនៅក្នុងរដ្ឋធានី Dili ។
លោក Guterres មាននូវជំនួបជាមួយប្រធានាធិបតីទីម័រឡេស្តេលោក Jose Ramos-Horta នៅឯវិមានប្រធានាធិបតី ជាទីដែលពួកគេបានពិភាក្សាលើការងារប្រឈមកំពុងកើតឡើង និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។
លោក Guterres បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មានជាមួយលោក Ramos-Horta ថា ទូទាំងតំបន់ប៉ាស៊ីហ្វិក ភាពវឹកវរអាកាសធាតុ កំពុងប៉ះពាល់ដល់អ្នកដែលមិនបានបង្ក ហើយវាដល់ពេលដែលត្រូវចាត់វិធានការប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយនិងពង្រឹងវិធានការឡើងវិញ ដើម្បីការពារពលរដ្ឋទីម័រឡេស្តេ ៕



