តុលាការទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) បានរកឃើញថា និពន្ធនាយក ២រូបរបស់បណ្តាញសារព័ត៌មាន Stand News ដែលឥឡូវនេះលែងដំណើរការហើយនោះ មានទោសពីបទសមគំនិត ក្នុងការបោះពុម្ពអត្ថបទដែលបំផុសគំនិតបះបោរ ជាករណីដែលបាននាំឲ្យមានការដានជាអន្តរជាតិ ចំពេលមានការបង្ក្រាបសន្តិសុខ នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិននេះ។
និពន្ធនាយកទាំង ២រូប គឺលោក Chung Pui-kuen និងលោក Patrick Lam អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ នៅពេលពួកគេត្រូវបានកាត់ទោស នៅថ្ងៃទី២៦ ខែកញ្ញា។ ការផ្តន្ទាទោសលើពួកគេ គឺជាលើកទី១ ពាក់ព័ន្ធនឹងករណីបះបោរប្រឆាំងនឹងអ្នកសារព័ត៌មាន ឬនិពន្ធនាយក គិតចាប់តាំងពីទីក្រុងហុងកុងត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យប្រទេសចិន ក្នុងឆ្នាំ១៩៩៧។ ក្រុមអ្នករិះគន់ ក្នុងនោះរួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ អះអាងថា ករណីនេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន ក្រោមការបង្រ្កាបសន្តិសុខជាតិដែលអូសបន្លាយពេលនេះ។
លោក Steve Li ប្រធាននាយកដ្ឋានសន្តិសុខជាតិរបស់នគរបាលហុងកុង បានជំទាស់នឹងការរិះគន់ទាំងអស់នោះ។ បន្ទាប់ពីចេញសាលក្រម លោកបានប្រាប់អ្នកសារព័ត៌មានថា សេចក្តីសម្រេចរបស់ចៅក្រម បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ និងភាពស្របច្បាប់នៃការអនុវត្តច្បាប់ប្រឆាំងនឹងសារព័ត៌មាន Stand News។
លោក Chung បានចាកចេញពីតុលាការដោយស្ងប់ស្ងាត់ និងគ្មានការអត្ថាធិប្បាយ ខណៈពេលដែលលោក Lam អវត្តមានដោយសារមានជំងឺធ្ងន់ធ្ងរ។ នេះបើយោងតាមសហសេវិករបស់អ្នកទាំង២ គឺលោក Ronson Chan ដែលបានបង្ហាញក្តីសង្ឃឹមថា ចៅក្រមនឹងមាន «ការពិចារណាលើមនុស្សជាតិកាន់តែច្រើន» នៅក្នុងការកាត់ទោសនេះ៕