យោធានីហ្សេរីយ៉ា នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) នេះ បានប្រាប់ថា ប្រទេសនីហ្សេរីយ៉ា និងនីហ្សេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ពួកគេ បើទោះបីជាមានភាពតានតឹង រវាងប្រទេសជិតខាងទាំង២ ចាប់តាំងពីមានរដ្ឋប្រហារ នៅនីហ្សេ កាលពីមួយឆ្នាំមុនក៏ដោយ។
បន្ទាប់ពីមាននូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដោយប្រមុខការពារជាតិ ក្នុងទីក្រុង Niamey រដ្ឋធានីរបស់ប្រទេសនីហ្សេ កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) សេចក្តីថ្លែងការណ៍យោធានីហ្សេរីយ៉ា បានឲ្យដឹងថា៖ «ភាគីទាំង២ បានអះអាងជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងធានាដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
គួរបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំង២ បានជួបនឹងភាពអាប់អួ បន្ទាប់ពីរបបយោធានីហ្សេរី បានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Mohamed Bazoum ហើយរដ្ឋប្រហារ នាខែកក្កដា ឆ្នាំ២០២៣ នោះ ក៏បានធ្វើឲ្យមានការបែកបាក់ ក្នុងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ផងដែរ ដោយបង្កើតជាសំណួរ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមអ៊ិស្លាម នៅក្នុងតំបន់។
ECOWAS បានគំរាមលុកលុយចូលប្រទេសនីហ្សេ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីស្ដាររដ្ឋាភិបាលប្រជាធិបតេយ្យមិនជោគជ័យ ដោយការលើកឡើងនោះបានជំរុញឲ្យប្រទេសនីហ្សេរីយ៉ា ប៊ូគីណាហ្វាសូ និងម៉ាលី ដកខ្លួនចេញពីប្លុកដែលមានសមាជិក ១៥ប្រទេសនេះ កាលពីខែមករា៕