មនុស្សជាង ៥លាននាក់ ត្រូវបានគេនិយាយប្រាប់ឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈព្យុះទីហ្វុង Shanshan បោកបក់លើតំបន់ភាគនិរតីប្រទេសជប៉ុននាថ្ងៃព្រហស្បតិ៍នេះ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា ក្រោយបោកបក់លើកោះភាគខាងត្បូង Kyushu រយៈពេល ២-៣ថ្ងៃ ព្យុះមួយនេះ ត្រូវបានគេរំពឹងថា នឹងបោកបក់ទៅដល់ទីក្រុងតូក្យូនៅចុងសប្តាហ៍នេះ ។
ខ្យល់បក់ខ្លាំង និងភ្លៀងលាយខ្យល់កន្រ្តាក់ បានកាត់ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឲ្យរោងចក្រធំៗជាច្រើនកន្លែងបិទទ្វារ ។
ក្រុមអាជ្ញាធរ បានព្រមានថា ព្យុះ Shanshan អាចស្ថិតនៅក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុត មិនធ្លាប់ដែលវាយប្រហារតំបន់មួយនេះ ស្របពេលដែលពួកគេវាយតម្លៃចំនួនមនុស្សស្លាប់ និងសេចក្តីរាយការណ៍ពីអ្នករងរបួសរាប់សិបនាក់ ។
ក្រុមហ៊ុន Toyota បានផ្អាកប្រតិបត្តិការនៅរោងចក្រក្នុងស្រុកទាំងអស់របស់ខ្លួន ដោយសារតែព្យុះមួយនេះ ស្របពេលដែលក្រុមហ៊ុន Nissan, Honda និងក្រុមហ៊ុនផលិតបន្ទះឈីប Renesas និងក្រុមហ៊ុន Tokyo Electron បានបញ្ឈប់បណ្តោះអាសន្នខ្សែសង្វាក់ផលិតកម្មរបស់របស់ពួកគេ នៅតាមរោងចក្រមួយចំនួន ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះ Shanshan បានបោកបក់ក្នុងសន្ទុះខ្យល់រហូតដល់ទៅ ១៨០ គ.ម ក្នុង១ម៉ោង ៕


