រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នា នៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) នេះ ដើម្បីបើកកិច្ចពិភាក្សាក្រៅផ្លូវការដែលផ្តោតលើសង្គ្រាម នៅប្រទេសអ៊ុយក្រែន និងតំបន់ហ្កាហ្សា ក៏ដូចបញ្ហាការបោះឆ្នោតដ៏ចម្រូងចម្រាស នៅវេណេស៊ុយអេឡាផងដែរ។
ជាមួយគ្នានេះ នៅមុនកិច្ចប្រជុំនេះ អ្នកការទូតជាន់ខ្ពស់ជាច្រើនរបស់ប្លុក ក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះស្ថានការណ៍ នៅតំបន់ហ្កាហ្សាស្ទ្រីបផងដែរ ដោយអំពាវនាវឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានលើកឡើងថា៖ «បទឈប់បាញ់មនុស្សធម៌ នៅមជ្ឈិមបូព៌ា គឺចាំបាច់ជាងពេលមុនៗ»។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលគ្មានការសម្រេចជាផ្លូវការត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើឡើងនោះ កំពុងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ដោយជំនួសឲ្យកន្លែងដែលបានគ្រោងទុកពីដំបូង គឺនៅទីក្រុង Budapest ដោយការផ្លាស់ប្ដូរទីកន្លែងនេះ គឺដើម្បីបង្ហាញការតវ៉ាចំពោះជំនួបរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីដើមខែកក្កដា៕