យោធាអ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានរបស់ខ្លួន បានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ៥នាក់ ដែលលាក់ខ្លួនក្នុងព្រះវិហារនៅទីក្នុងទីក្រុង Tulkarm ស្ថិតនៅតំបន់ វ៉េសប៊ែង អំឡុងការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ទ្រង់ទ្រាយធំបំផុតរបស់ពួកគេលើដែនដីកាន់កាប់ប៉ាឡេស្ទីនមួយនេះ រយៈពេលជាច្រើនខែកន្លងមកនេះ ។
ប្រតិបត្តិការខាងលើ ដែលមិនទាន់បានបញ្ចប់នៅឡើយ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធ ក្នុងនោះទាហានអ៊ីស្រាអែលរាប់រយនាក់ ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ យានដ្រូន និងរថពាសដែកជាច្រើនគ្រឿង បានវាយឆ្មក់ទីក្រុងសំខាន់ៗ Tulkarm, Jenin និងតំបន់នៅជ្រលងភ្នំ Jordan Valley ។
យោងតាមការអះអាងរបស់សាក្សីទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា មានភាពរអាក់រអួសបណ្តាញអ៊ីនធឺណិតទាំងស្រុងនៅក្រុមហ៊ុន Jawwal ដែលស្ថិតក្នុងចំណោមកក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន ២នៅដែនដីហ្កាហ្សា និងតំបន់វ៉េសប៊ែងរបស់ប៉ាឡេស្ទីន ។
ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការរបស់ទាហានអ៊ីស្រាអែលកាលពីថ្ងៃពុធ ។
កាលពីថ្ងៃពុធនោះដែរ យោធាអ៊ីស្រាអែល បានបិទផ្លូវចូលទៅកាន់មន្ទីរពេទ្យ និងឆេករថយន្តគិលានសង្រ្គោះដែលបើកចូល ដើម្បីការពារក្រុមសកម្មប្រយុទ្ធពីការស្វែងរកទីជម្រកនៅទីនោះ ៕