អាហ្វហ្គានីស្ថាន៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា ធនាគាររបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងកង្វះខាតប្រាក់ ហើយអាចនឹងត្រូវបិទជាសាធារណៈក្នុងពេលឆាប់ៗនេះ លុះត្រាតែក្រុមតាលីបង់បញ្ចេញមូលនិធិបន្ថែម។

របាយការណ៍នេះបាននិយាយថា កង្វះសាច់ប្រាក់បានកើតមានជាច្រើនសប្ដាហ៍មកហើយ ប្រហែលមួយខែចាប់តាំងពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ ហើយក្រុមធនាគារភ័យខ្លាចថា ស្ថានភាពនេះអាចនាំឱ្យមានការឡើងថ្លៃម្ហូបអាហារ និងអគ្គិសនី។ របាយការណ៍បាននិយាយថា ជាធម្មតាសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើសាច់ប្រាក់ ដែលអាមេរិកបានបញ្ជូនទៅធនាគារកណ្តាលអាហ្វហ្គានីស្ថាន ហើយធនាគារពាណិជ្ជកំពុងព្យាយាមបញ្ចុះបញ្ចូលធនាគារកណ្តាល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីបញ្ចេញសាច់ប្រាក់។ មនុស្សម្នាក់ដែលដឹងដោយផ្ទាល់អំពីស្ថានភាពនេះបានប្រាប់សារព័ត៌មាន Reuters ថា “យើងនៅសល់សាច់ប្រាក់ងាយស្រួលក្នុងការទូទាត់ពីរបីថ្ងៃប៉ុណ្ណោះ”។
ប្រសិនបើរដ្ឋាភិបាលមិនមានចំណាត់ការ ចំពោះស្ថានការណ៍ភ្លាមៗទេនោះនឹងមានការធ្វើបាតុកម្ម និងអំពើហិង្សាកើតឡើង។ របាយការណ៍ខាងលើនេះបាននិយាយថា ធនាគារកណ្តាលបានទទូចថា ធនាគារមានស្ថិរភាព និងបានជំរុញឱ្យជនជាតិអាហ្វហ្គានីស្ថានប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ ទន្ទឹមនឹងនេះក្រុមតាលីបង់មិនអាចទទួលបានប្រាក់បម្រុងជិត ១០ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានឡើយ៕
អត្ថបទ៖ សុខមាន