ភ្នំពេញ ÷ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផល និងការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឲ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ។
នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីដែលគ្រោងនឹងរៀបចំឡើងនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជន ឱ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ ព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មកសិករផលិត និងអ្នកប្រើប្រាស់។
ឯកឧត្តម បានលើកឡើងបន្តថា វេទិការតាំងពិព័រណ៍នេះដែរ នឹងមានការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់ និអ្នកចែកចាយចំណី សារធាតុគីមី ឱសថវារីវប្បកម្មសត្វ សម្ភារបរិក្ខាសម្រាប់ធ្វើវារីវប្បកម្ម វារីវប្បករ ឬអ្នកចិញ្ចឹម ផលិតភ្ញាស់កូនពូជ អ្នកកែច្នៃ/សហគ្រាសកែច្នៃធុតូច និងមធ្យម ក្រុមចុងភៅ និងអង្គការដៃគូ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ២០២៣ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២២។ ក្នុងការនោះ ការចិញ្ចឹមត្រីបានចំនួន ៣១ម៉ឺន ៤ពាន់តោន ថយចុះប្រមាណជាង ១ម៉ឺន ៦ពាន់តោន និងការចិញ្ចឹមក្រពើបានចំនួនជាង ៣៣ម៉ឺនក្បាល ពោលថយចុះចំនួនជាង ៥ម៉ឺន ៨ពាន់ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ថយចុះ ១៤លានក្បាល។ ការថយចុះនៃការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដូចជាការចិញ្ចឹមត្រីនេះ ដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជា ដើម្បីធ្វើឲ្យអ្នកចិញ្ចឹមមិនអាចលក់បានថ្លៃ និងធ្វើឲ្យគាត់បោះបង់មុខរបរនេះចោល។
សូមបញ្ជាក់ទៀតថា នៅឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាបចំនួន ៤៥ម៉ឺន ៤ពាន់តោន និងសមុទ្រចំនួន ១៣ម៉ឺនតោន។ ដោយឡែក វារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន៕
អត្ថបទ ឈិត បូរ៉ាវី



