លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីសន្តិសុខកំពូលរបស់អាមេរិកថា សហរដ្ឋអាមេរិកគួរតែមើលឃើញការអភិវឌ្ឍន៍របស់ចិនជាឱកាសមួយ ខណៈភាគីទាំងពីរស្វែងរកស្ថិរភាពទំនាក់ទំនងនៅមុនការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកា។

ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ កើតឡើងអំឡុងភាពតានតឹងខ្លាំងរវាងអាមេរិក និងចិន រាប់ចាប់ពីបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ក្រោយការប៉ះទង្គិចគ្នាថ្មីៗរវាងចិន និងហ្វីលីពីន ការដំឡើងពន្ធលើទំនិញ និងឃ្លាំងអាវុធនុយក្លេរអ៊ែររបស់ចិន ជាដើម។

ប្រមុខដឹកនាំចិន បានជួបពិភាក្សាលើកដំបូងជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីរសៀលថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំង ស្របពេលរដ្ឋបាលលោក Biden បានបន្តកៀរគរសម្ព័ន្ធមិត្តអាមេរិក ដើម្បីរារាំងសន្ទុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកំពុងកើនឡើង របស់ប្រទេសមហាអំណាចលេខ២ របស់ពិភពលោកមួយនេះ។
យោងតាមទូរទស្សន៍រដ្ឋចិន លោក Xi បាននិយាយនៅពេលកិច្ចប្រជុំចាប់ផ្តើម ទន្ទឹមនឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនសម្លឹងមើលពីវឌ្ឍនភាពប្រទេសរបស់លោកដោយអាកប្បកិរិយាសមហេតុផល និងលោកសង្កត់ធ្ងន់ថា ចិន សង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនដើម្បីដើរលើផ្លូវរួមគ្នា។
លោក Sullivan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការទប់ស្កាត់ការប្រកួតប្រជែង ជៀសវាងឈានទៅរកជម្លោះ ឬការប្រឈមដាក់គ្នា ដោយបន្ថែមថា ប្រទេសទាំងពីរគួរតែមានគោលបំណងធ្វើការជាមួយគ្នាជាទីដែលប្រទេសទាំងពីរទទួលបានផលប្រយោជន ស្របគ្នា។លោកបញ្ជាក់ថា លោក Joe Biden កំពុងរកឱកាសជជែកជាមួយលោក Xi Jinpingនៅប៉ុន្មានសប្ដាហ៍ខាងមុខ៕