បន្ទាប់ពីត្រូវបានរំខាន ដោយការតវ៉ា កាលពីថ្ងៃព្រហស្បតិ៍ បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បាននិយាយថា លោកស្រី និងប្រធានាធិបតី លោក Biden កំពុងធ្វើការ ឥតឈប់ឈរ ដើម្បីទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

ថ្លែងទៅកាន់ហ្វូងមនុស្សនៅទីក្រុង Savannah រដ្ឋចចា លោកស្រី Harris បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកស្រីថា កុំយកចិត្តទុកដាក់ខ្លាំងពេកទៅលើការបោះឆ្នោត និងព្យាយាមលើកស្ថានភាពខ្លួនឯង។

លោកស្រី Harris នាំមុខលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ៤៥% ទល់នឹង ៤១% នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញថា អនុប្រធានាធិបតីរូបនេះ បានជំរុញឱ្យមានការសាទរថ្មីក្នុងចំណោមអ្នកបោះឆ្នោត និងធ្វើឱ្យរង្គោះរង្គើរក្នុងការប្រកួតប្រជែង នៅមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។
ការស្ទង់មតិរបស់សារព័ត៌មាន Wall Street Journal ក៏បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ដែរថា លោកស្រី Harris មានពិន្ទុរភាគរយនាំមុខ លើលោក Trump ។