ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានប្រកាសត្រៀមកម្លាំង, រថយន្តធំតូច និងសម្ភារៈផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់ប្រសិនបើមានបទបញ្ជាពីរាជរដ្ឋាភិបាលឲ្យដឹកបងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តនៅខេត្តតំបន់ភូមិភាគឦសាននោះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលចំណុះឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមខ្លួនជានិច្ចមិនថាយប់ ឬថ្ងៃនោះឡើយ ដោយនឹង ចេញប្រតិបត្តិការភ្លាមៗ និងគ្រប់កាលៈទេសៈទាំងអស់ រាល់បទបញ្ជា ពីអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ, ពីរាជរដ្ឋាភិបាល ដើម្បីចុះអន្តរាគមន៍ហេតុការណ៍ផ្សេងៗ ដូចជាបងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយជាយថាហេតុណាមួយ និងជាពិសេសទៅទៀតនោះត្រៀមដឹកប្រជាពលរដ្ឋទៅកាន់ខេត្តទិសឦសានប្រសិនបើមានបទបញ្ជា ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាសកាលពីកន្លងទៅថ្មីៗនេះថា នឹងរៀបចំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទៅដើរលេងកម្សាន្តនៅតាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាលកាត់ឲ្យវៀតណាមនោះជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានអះអាងផងដែរថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) និង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» រួមទាំងប្តេជ្ញាជាថ្មីថា ការពារឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្រប់ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស នឹងត្រៀមទប់ស្កាត់ និងកំចាត់ចោលរាល់ជនទាំងឡាយណាដែលមានការញុះញង់ និងប៉ុនប៉ងធ្វើឲ្យប្រទេសមានភាពវឹកវរ និងបំផ្លាញសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានសព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់











