ភ្នំពេញ ៖ កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២៥និង២៦ខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ នឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំនៃប្រទេស និងស្ថាប័នជាសមាជិកចំនួន៥៣។
ឯកឧត្តម លុយ ដេវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី ២៥ និង ២៦ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ តាមប្រពន្ធ័អនឡាញ។
ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ ត្រូវបានលើកពេលជាច្រើនដងដោយសារតែកម្ពុជា និងសមាជិក ASEM ចង់រៀបចំកិច្ចប្រជុំនេះ ដោយផ្ទាល់ ប៉ុន្តែមកដល់ពេលនេះ ស្ថានភាពវិបត្តិកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាត ដូច្នេះមិនអាចអោយកម្ពុជា ក៏ដូចជាប្រទេសជាសមាជិករៀបចំកិច្ចប្រជុំដោយផ្ទាល់បានទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងវេទិកាពិភាក្សាសារព័ត៌មានតាម ប្រព័ន្ធហ្សូម (Zoom Meeting) រៀបចំធ្វើទ្បើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ។
ឯកឧត្តម លុយ ដេវីដេ បានបន្តទៀតថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលធ្វើឡើងរយៈពេល២ ថ្ងៃខាង មុខនេះនឹងរៀបចំឡើង ផ្តោតលើអន្តរកម្មនៃគំនិតសំខាន់ៗចំនួន ៤ គឺពហុភាគី កំណើន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។
ជាមួយគ្នានោះដែរ កិច្ចប្រជុំកំពូលASEM នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន៤ដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ទី១.បង្ហាញពីភាពចាស់ទុំខាងផ្នែក នយោបាយការទូត និងជាឱកាសលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ទី២. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកទី៣ បង្ហាញពិភលោកថា កម្ពុជា មានស្ថិរភាពនយោបាយ ពេញលេញ និងទី៤ កម្ពុជាបានបង្ហាញពីអរិយធ៌ម វប្បធម៌ ទាក់ទាញទេសចរណ៍ វិនិយោគិនបរទេស។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អ្នកសារព័ត៌មានក្នុងការចូលរួមចំនែកផ្សព្វផ្សាយព័ត៌មានជុំវិញព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដោយផ្តោតលើ៣ដំណាក់កាលសំខាន់ គឺទី១សកម្មភាពមុនពេលកិច្ចប្រជុំមកដល់ ដូចជាការផ្សព្វផ្សាយអត្ថបទ បទយកការណ៍ កិច្ចពិភាក្សា ពាក់ព័ន្ធ ទី២ ក្នុងអំឡុងពេលកិច្ចប្រជុំ និងទី៣ ក្រោយកិច្ចប្រជុំដោយត្រូវគឺចងក្រងឯកសារលទ្ធផល និង បញ្ហាពាក់ព័ន្ធនឹងកិច្ចប្រជុំ។
ឯកឧត្តម ក៏បានបន្ថែមដែរថា នៅក្នុងកិច្ចប្រជុំកំពូលASEM ក៏នឹងមានវេទិកានិពន្ធនាយកដោយនឹងមានការចូលរួមពីសំណាក់និពន្ធនាយក មកពីប្រទេសជាសមាជិក ហើយប្រធានបទសំខាន់នោះគឺ ទី១ ការពង្រឹងកិច្ចសហប្រតិបត្តិ ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទី២ ការចែករំលែកនូវអ្វីដែលជាបទពិសោធន៍របស់អ្នកសារព័ត៌មាន ទី៣ វេទិការសាធារណៈ ពិភាក្សាតុមូល អំពីតួនាទីអ្នកសារព័ត៌មានក្នុងសម័យឌីជីថលលើព័ត៌មានមិនពិត និង ព័ត៌មានប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន៥៣ប្រទេស និងដៃគូ៕
អត្ថបទ ៖ ដាវណ្ណ


