អ៊ីស្រាអែល បានប្រាប់សហរដ្ឋអាមេរិកថា ការពិនិត្យឡើងវិញដំបូងរកឃើញថាការបាញ់ប្រហារលើរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅក្នុងតំបន់ហ្កាហ្សា មកពី «កំហុសក្នុងការទំនាក់ទំនង» រវាងអង្គភាពយោធាអ៊ីស្រាអែល នេះបើតាមការបញ្ជាក់របស់បេសកជនរងរបស់អាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា)។

ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំនៅ UN លោក រ៉ូប៊ឺត វូដ (Robert Wood) បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីតំបន់ហ្កាហ្សាថា «យើងបានជំរុញឱ្យភាគីអ៊ីស្រាអែលធ្វើការកែតម្រូវភ្លាមៗនូវបញ្ហានៅក្នុងប្រព័ន្ធរបស់ពួកគេ ដើយមិនត្រឹមតែកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចាត់វិធានការជាក់ស្តែងដើម្បីធានាថាកងកម្លាំងារពារ IDF មិនបាញ់ទៅលើបុគ្គលិកអង្គការសហប្រជាជាតិម្តងទៀត»។

អង្គការ WFP បានផ្អាកសកម្មភាពរបស់បុគ្គលិកជាបណ្តោះអាសន្ននៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ដោយនិយាយថា យ៉ាងហោចណាស់មានគ្រាប់កាំភ្លើងចំនួន ១០គ្រាប់ បានបាញ់ទៅលើយានជំនិះមួយគ្រឿងដែលដាក់ស្លាកអង្គការយ៉ាងច្បាស់ នៅពេលវាចូលទៅជិតប៉ុស្តិ៍ត្រួតពិនិត្យយោធាអ៊ីស្រាអែល។
WFP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្បួនរថយន្តរថពាសដែកពីរគ្រឿងនោះបានទទួល «ការបញ្ជាក់ជាច្រើនដងពីអាជ្ញាធរអ៊ីស្រាអែលដើម្បីចូលទៅជិត» ប៉ុស្តិ៍ត្រួតពិនិត្យស្ពាន វ៉ាឌី (Wadi) របស់ហ្កាហ្សានៅល្ងាចថ្ងៃអង្គារ ប៉ុន្តែនៅតែមានកំហុសបែបនេះកើតឡើង។ គ្រាប់កាំភ្លើងបានបាញ់ត្រូវរថយន្តមួយគ្រឿង ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសនោះទេ៕