ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ឆ្នេរនៃប្រទេសឥណ្ឌា និងប៉ាគីស្ថាន តាមបណ្ដោយសមុទ្រអារ៉ាប់ ដោយជន់លិចទីក្រុងនានាក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ភាគខាងលិចឥណ្ឌា និងបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈអាជ្ញាធរព្យាករថាព្យុះស៊ីក្លូននឹងកើតមាននៅថ្ងៃសុក្រ (៣០ សីហា) នេះ។

រូបភាពពីទូរទស្សន៍រ៉យទ័របានបង្ហាញមនុស្សម្នាដើរឆ្លងកាត់ទឹកដែលមានកម្ពស់ត្រឹមចង្កេះ ដោយជន់លិចលើរថយន្ត និងផ្លូវនានាក្នុងរដ្ឋ។ មនុស្សជិត ៣០នាក់បានស្លាប់នៅសប្តាហ៍នេះ ដោយសារឧប្បត្តិហេតុទាក់ទងនឹងភ្លៀងនៅក្នុងរដ្ឋនេះ ខណៈអ្នកឧតុនិយមនៅសឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាង បានព្រមានថាភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់បន្ថែមទៀតត្រូវគេរំពឹងថានឹងបោកបក់លើតំបន់ឆ្នេរ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌានិយាយថា មនុស្សជាង ១៨.០០០នាក់ត្រូវបានជម្លៀសចាប់តាំងពីថ្ងៃអាទិត្យមកពីទីក្រុងនានានៅជិតឆ្នេរសមុទ្រ។ កងទ័ពឥណ្ឌាក៏បានចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅក្នុងរដ្ឋ ដែលធ្លាប់ត្រូវបានវាយប្រហារកាលពីឆ្នាំមុនដោយព្យុះស៊ីក្លូន ប៊ីផាចយ (Biparjoy) បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងនាំទៅដល់ការជម្លៀសមនុស្សជាង ១៨០.០០០នាក់។
នៅប៉ាគីស្ថាន ទីភ្នាក់ងារអាកាសធាតុបានព្រមានអ្នកនេសាទកុំឱ្យចុះសមុទ្ររហូតដល់ថ្ងៃសៅរ៍ (៣១សីហា)។ អាជ្ញាធរប៉ាគីស្ថានក៏បានព្រមានអំពីទឹកជំនន់ដ៏គំហុកនៅក្នុងស្រុកចំនួនពីរនៃខេត្ត ស៊ីញ (Sindh) ភាគខាងត្បូង ដែលនៅតែកំពុងងើបឡើងវិញពីគ្រោះទឹកជំនន់ដ៏ធំកាលឆ្នាំ២០២០ ដែលពេលនោះបានជន់លិចផ្នែកភាគច្រើននៃប្រទេស និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច៕