ខណៈក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះអាមេរិក ចំនួនពីរបានល្បាតនៅមហាសមុទ្រឥណ្ឌាសប្តាហ៍នេះក្នុងកិច្ចប្រឹងប្រែងច្បាស់លាស់មួយដើម្បីរារាំងអ៊ីរ៉ង់ពីការវាយលុកអ៊ីស្រាអែល និងបង្កឱ្យមានជម្លោះក្នុងតំបន់ដ៏ធំ កិច្ចប្រជុំយោធាដ៏ខុសប្លែកពីធម្មតាមួយរបស់អាមេរិកកំពុងដំណើរការនៅក្នុងមជ្ឈមណ្ឌលសន្និសីទដ៏ប្រណីតក្នុងទីក្រុងម៉ានីល ដែលទំនងជាប្រថុយប្រថាននឹងភាពតានតឹងថ្មីក្នុងដែនទឹកជម្លោះ។

សន្និសីទច្បាប់ និងប្រតិបត្តិការយោធាប្រចាំឆ្នាំលើកទី៣៥ រៀបចំដោយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ដែលដំណើរការពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសផ្សេងៗគ្នានៅក្នុងតំបន់ ប៉ុន្តែវត្តមានរបស់កិច្ចប្រជុំមួយនេះក្នុងរដ្ឋធានីហ្វីលីពីននៅសប្តាហ៍នេះទំនងជាមិនមែនរឿងចៃដន្យទេ។

ចាប់តាំងពីចុងឆ្នាំ២០២៣មក នាវាផ្គត់ផ្គង់របស់ហ្វីលីពីន បានប៉ះទង្គិចជាមួយទូកល្បាតចិន ដែលព្យាយាមរារាំងមិនឱ្យចូលទៅកាន់ដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅសមុទ្រចិនខាងត្បូង។ ថ្មីៗនេះ ការប្រឈមមុខដាក់គ្នាជាលើកទីពីរ និងប្រហែលជាគ្រោះថ្នាក់បំផុតបានផ្ទុះឡើងនៅលើដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) ដែលនៅជិតនោះ។

ខណៈសន្និសីទបានបើកកាលពីថ្ងៃអង្គារ ប្រមុខបញ្ជាការនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក លោក សាមូអែល ផាផារ៉ូ (Samuel Paparo) បាននិយាយថា ពេលនេះអាមេរិកកំពុងពិចារណាអមដំណើរជាមួយនាវាពីហ្វីលីពីនក្នុងបេសកកម្មផ្គត់ផ្គង់ឡើងវិញនៅដែនទឹកជម្លោះ ដោយជាសកម្មភាពមួយដែលទីក្រុងប៉េកាំង ស្ទើរតែនឹងមើលឃើញថាជាការបង្កើនភាពតានតឹងដ៏ធំមួយ។
រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រឹងប្រែងបញ្ជាក់ថា ខ្លួននឹងឆ្លើយតបផ្នែកយោធាចំពោះការវាយក្រសោបណាមួយលើកោះតៃវ៉ាន់ ប៉ុន្តែទីក្រុងប៉េកាំង ទំនងជានឹងមើលឃើញការចុះចាញ់ណាមួយរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ជាសញ្ញាកាន់តែទូលំទូលាយនៃការដោះស្រាយដ៏ទន់ខ្សោយរបស់អាមេរិក៕