នៅពេលលោកនាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសកាលពីដើមខែនេះថា លោកនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញជាមេដឹកនាំគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរីនិយម (LDP) របស់ប្រទេសជប៉ុន ហើយលោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនោះ ការប្រកាសនេះដូចជាតក់ក្រហល់ ប៉ុន្តែមិនមែនជាការភ្ញាក់ផ្អើលនោះទេ។
លោក Kishida ដែលចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ ២០២១ កំពុងជួបប្រទះការធ្លាក់ចុះប្រជាប្រិយភាពទាបបំផុតជុំវិញការចំណាយខ្ពស់សម្រាប់ការរស់នៅរបស់ពលរដ្ឋ និងរឿង អាស្រូវពុករលួយនៅក្នុងគណបក្សនេះ ។
ទោះនាយករដ្ឋមន្ត្រីជប៉ុនភាគច្រើនបានកាន់អំណាចត្រឹមតែមួយឆ្នាំ ឬពីរឆ្នាំ អាណត្តិបីឆ្នាំរបស់ លោក Kishida នៅតែជារយៈពេលវែងបំផុតទី៨ក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ប៉ុន្តែដោយសារតែភាពចម្រូងចម្រាស លោកបាននិយាយថា ការចាកចេញរបស់លោកគឺជា ឱកាសសម្រាប់អ្នកថ្មី។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែសីហាថា លោកបានសម្រេចចិត្តដ៏លំបាក ដោយគិតដល់សាធារណជន ជាមួយនឹងឆន្ទៈដ៏មុតមាំក្នុងការជំរុញកំណែទម្រង់នយោបាយ។

វិសាលភាពនៃកំណែទម្រង់នោះ នឹងអាចមើលឃើញនៅខែក្រោយ នៅពេលដែល គណប្ស LDP ជ្រើសរើសមេដឹកនាំបន្ទាប់របស់ខ្លួន។ លើសពីការសម្រេចចិត្តនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន លទ្ធផលនៃការប្រកួតប្រជែងជ្រើសរើសមេដឹកនាំ នឹងកំណត់ទិសដៅនៃការគ្រប់គ្រង និង នយោបាយរបស់ជប៉ុនសម្រាប់ឆ្នាំខាងមុខ។
លោក Kishida និយាយថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់គណបក្សត្រូវមានការបោះឆ្នោតប្រកបដោយតម្លាភាព បើកចំហរនិងសេរី ព្រមទាំងការជជែកដេញដោលដ៏ស្វិតស្វាញក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញថាគណបក្ស LDP កំពុងផ្លាស់ប្ដូរនិងជាគណបក្ស LDP ថ្មី៕