បាល់ទាត់៖ វីដេអូពីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបានបង្ហាញថា សមាជិកនៃក្រុមបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថាន និងក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃពុធម្សិលមិញបានទៅដល់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ក្រោយពីក្រុមតាលីបង់បានកាន់កាប់។

យោងតាមរដ្ឋមន្ត្រីព័ត៌មានរបស់ប៉ាគីស្ថាន លោក ហ្វាវ៉ាដ ឆាឌ្រី ថា កីឡាករបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបានចូលទៅក្នុងប្រទេសប៉ាគីស្ថានតាមព្រំប្រទល់ Torkham ភាគពាយ័ព្យជាមួយនឹងឯកសារធ្វើដំណើរត្រឹមត្រូវ។ ទោះយ៉ាងណាកាសែតអង់គ្លេស DAWN របស់ប្រទេសប៉ាគីស្ថានបានរាយការណ៍នៅថ្ងៃពុធនេះថា កីឡាបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានត្រូវបានផ្តល់ទិដ្ឋាការមនុស្សធម៌បន្ទាន់ បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល។ ក្រុមតាលីបង់ធ្លាប់បានឲ្យដឹងថា មិនចង់ឱ្យស្ត្រីចូលរួមក្នុងកីឡាឡើយ។ កីឡាការិនីទាំងនោះបានចំណាយពេលមួយខែចុងក្រោយក្នុងការលាក់ខ្លួន ចំពេលមានការភ័យខ្លាចពីការបង្ក្រាបសិទ្ធិស្ត្រីដោយពួកតាលីបង់។ សមាជិកនៃក្រុមស្ត្រីបានរត់ចេញពីទីក្រុងកាប៊ុលកាលពីខែមុន ប៉ុន្តែក្រុមយុវជនត្រូវបានគេរាយការណ៍ថា បានជាប់គាំងដោយសារពួកគេខ្វះលិខិតឆ្លងដែន និងឯកសារផ្សេងទៀត។
កីឡាការិនី និងគ្រួសាររបស់ពួកគេចំនួន ៣២នាក់ទទួលបានទិដ្ឋាការបន្ទាប់ពីកម្មវិធីសប្បុរសធម៌ “បាល់ទាត់ដើម្បីសន្តិភាព” ដែលបានសម្របសម្រួលដោយប៉ាគីស្ថាន។ មន្ត្រីម្នាក់ជាមួយសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានបាននិយាយថា ក្រុមដែលមានមនុស្សសរុបចំនួន ៨១នាក់នឹងត្រូវដាក់នៅទីស្នាក់ការសហព័ន្ធនៅទីក្រុងឡាហ័រខាងកើត។ មន្ត្រីដដែលបាននិយាយថា មនុស្ស ៣៤នាក់ទៀតនឹងមកដល់នៅថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីរូបនេះបាននិយាយថា ក្រុមកីឡាការិនីនឹងបន្តនៅប៉ាគីស្ថាន ក្រោមការធានាសន្តិសុខយ៉ាងតឹងរ៉ឹងរយៈពេល ៣០ថ្ងៃមុនពេលដាក់ពាក្យសុំសិទ្ធិជ្រកកោននៅប្រទេសទីបី៕
អត្ថបទ៖នាង សុភាវុធ