ស្ត្រីនៅប្រទេសអាហ្វហ្គានីស្ថាន ទាំងក្នុង និងក្រៅប្រទេស កំពុងច្រៀងនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីតវ៉ាប្រឆាំងច្បាប់សីលធម៌ដ៏តឹងរឹងរបស់ក្រុមតាលីបង់ ដែលត្រូវបានអនុម័តជាផ្លូវការកាលពីសប្តាហ៍មុន។

ស្ត្រីមិនបង្ហាញអត្តសញ្ញាណម្នាក់និយាយថា យោងតាមពេលវេលាដែលសន្មត នៅពេលអនាគត តើពេលណាច្បាប់នេះ នឹងត្រូវបានដកចេញ។ តើអ្នកនឹងបិទមាត់ខ្ញុំឲ្យនៅស្ងៀម រហូតដល់មានបទបញ្ជាទីពីរមែនទេ? អ្នកបានធ្វើឲ្យខ្ញុំក្លាយជាអ្នកទោសនៅក្នុងផ្ទះពីបទឧក្រិដ្ឋកម្ម ព្រោះតែជាស្ត្រី។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយថា ច្បាប់សីលធម៌ចំនួន ៣៥ មាត្រា មានចាប់ពី ការតម្រូវឱ្យស្ត្រីគ្របលើដងខ្លួន និងបិទបាំងមុខមាត់ ហើយបុរសឲ្យដុះពុកមាត់ រហូតដល់ហាមអ្នកបើកបរមិនឱ្យចាក់ភ្លេង ឬដឹកជញ្ជូនស្ត្រីដោយគ្មានអាណាព្យាបាលជាបុរសទៅតាម។
ក្រុមតាលីបង់ បានព្យួររដ្ឋធម្មនុញ្ញកាលពីពេលមុនរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលពួកគេបានចូលកាន់អំណាចក្នុងឆ្នាំ២០២១ ខណៈកងកម្លាំងបរទេសបានដកខ្លួនចេញ ហើយបាននិយាយថាពួកគេនឹងគ្រប់គ្រងប្រទេសនេះ ដោយយោងទៅតាមច្បាប់ឥស្លាម Sharia ។
ការរឹតត្បិតរបស់ពួកគេលើស្ត្រី និងសេរីភាពនៃការបញ្ចេញមតិ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលបរទេសជាច្រើន ចាប់តាំងពីពេលនោះមក។
ក្នុងអំឡុងពេលបីឆ្នាំនៃការគ្រប់គ្រងរបស់ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពួកគេមានផែនការជាច្រើនក្នុងការលុបបំបាត់ស្ត្រី ដោយចាប់ផ្តើមពីការបិទសាលារៀននិងសាកលវិទ្យាល័យ បន្ទាប់មកហាមឃាត់ស្ត្រីពីការបម្រើការងារ។ ក្រុមនេះ មានបំណងឱ្យពិភពលោក ទទួលស្គាល់ក្រុមតាមលីបង់ ដោយបង្ខំស្ត្រីឱ្យសម្របខ្លួនទៅនឹងផែនការរបស់ពួកគេ។