រដ្ឋាភិបាលប្រទេសប៉េរូ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅរដ្ឋធានី លីម៉ា (Lima) ក្នុងខែវិច្ឆិកាខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេស លោក ហាវីយេ ហ្គនហ្សាលេស អូលាឈា (Javier Gonzalez-Oleachea) បានបញ្ជាក់ថា មេដឹកនាំទាំងពីររូបនឹងចូលរួមកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ក្នុងទីក្រុងលីម៉ា ដោយបន្ថែមថាមេដឹកនាំចិន លោក Xi ក៏នឹងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា នៅប៉េរូផងដែរ។ លោក Oleachea បានលើកឡើងបែបនេះ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមន្ត្រីជាន់ខ្ពស់របស់អាមេរិក ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែសំខាន់ៗ។

ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) បានទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន កាលពីខែមិថុនា ហើយបានអញ្ជើញលោក Xi ឱ្យចូលរួមពិធីសម្ពោធការចាប់ផ្តើមប្រតិបត្តិការកំពង់ផែខ្នាតធំ ឆានកាយ (Chancay) នៅឆ្នេរសមុទ្រប៉េរូក្នុងខែវិច្ឆិកា ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនដឹកជញ្ជូនរដ្ឋ COSCO របស់ចិន។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងបំណងលុបបំបាត់ភាពតានតឹងរវាងមហាអំណាចទាំងពីរ ហើយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) ភាគីទាំងពីរបានយល់ព្រមរៀបចំផែនការកិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោក Xi និងលោក Biden៕