កំពត ៖ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងជាអភិបាលខេត្តកំពត ឯកឧត្តមមិនដែលប៉ះពាល់ដីរដ្ឋ ឬដីបុគ្គលណានោះទេ ព្រោះដីរបស់រដ្ឋត្រូវតែរដ្ឋជាអ្នកកាន់កាប់គ្រប់គ្រង់ តែបើដីឯកជន រដ្ឋបាលខេត្តត្រូវធ្វើការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់គេដែរ។
ការលើកឡើងបែបនេះ របស់អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំជំរុញនិតិវិធីដោះដូរតារាងបាល់បោះ ជាមួយពហុកីឡដ្ឋានថ្មីសាងសង់ដោយក្រុមហ៊ុន អេស អា វី(SRV) គ្រុបនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តម បានបន្តថា ចំពោះករណីពហុកីឡដ្ឋានថ្មីស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ដែលជាប់ពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ និងដោះដូររវាងរវាង ក្រសួងអប់រំយុវជន និងកីឡា និងក្រុមហ៊ុន SRV Grup,Co.ltd រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការសម្រេចនោះទេ មានតែក្រសួងអប់រំ និងក្រសួងហិរញ្ញវត្ថុ ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចបញ្ចប់រឿងជាមួយក្រុមហ៊ុនបាន។
នៅពេលដែលមានការសម្រេចពីក្រសួងទាំងពីរ នឹងក្រុមហ៊ុនរួច ទើបរដ្ឋបាលខេត្តមានសិទ្ធក្នុងការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនដល់ក្រុមហ៊ុន។ប៉ុន្តែកិច្ចប្រជុំនាពេលនេះ ដើម្បីពិភាក្សាប្រមូលធាតុចូលពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានលម្អិត ដើម្បីជំរុញនីតិវិធីនឹងឈានទៅបញ្ចប់បញ្ហាដែលជាប់គាំងអស់ជាង១០ឆ្នាំមកនោះ។
តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០៧ ក្រុមហ៊ុន SRV Grup,Co.ltd បានដាក់សំណើសុំប្ដូរទីតាំងដីទីលានបាល់បោះទំហំ ១៤២៦ម៉ែត្រការ៉េ និងដីទីលានបាល់ទាត់ទំហំ ៣២៥០០ម៉ែត្រការ៉េ នៅក្រុងកំពត ជាថ្នូរនឹងដីទីលានពហុកីឡដ្ឋានបាល់ទាត់ថ្មី បច្ចុប្បន្ននៅភូមិបឹងទូក ក្រុងបូកគោ ដែលមានទំហំ៥ម៉ឺនម៉ែត្រការ៉េ។
ក្នុងកិច្ចសន្យានោះក្រុមហ៊ុនត្រូវកសាងនូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យកីឡាជាច្រើន។ ប៉ុន្តែដោយសារការអនុវត្តរបស់ក្រុមហ៊ុនមិនឆ្លើយតបតាមកិច្ចសន្យា លក្ខណៈស្តង់ដារ បទដ្ឋានបច្ចេកទេស នៃសំណង់សម្រាប់បម្រើវិស័យកីឡា និងអូសបន្លាយពេលវេលាផងនោះ រាជរដ្ឋាភិបាលក៏បានឯកភាពជាគោលការណ៍ តាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា គឺអនុញ្ញាតឲ្យប្ដូរតែទីតាំងដីបាល់បោះ ទំហំ១៤២៦ម៉ែត្រការ៉េ ប៉ុណ្ណោះ ហើយដីទីលានកីឡាបាល់ទាត់ទំហំ៣២.៥០០ម៉ែត្រការ៉េ ត្រូវដកហូតយកមករក្សាជាទ្រព្យសម្បត្តិរដ្ឋវិញ រហូតសព្វថ្ងៃនេះ។ ប៉ុន្តែបញ្ហាត្រង់ថា ពហុកីឡដ្ឋានថ្មីនៅក្រុងបូកគោ របស់ក្រុមហ៊ុន នៅមិនទន់បានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ភាគីណានៅឡើយ ដោយសារដំណោះស្រាយក្នុងកិច្ចសន្យារវាងក្រសួងអប់រំ និងភាគីក្រុមហ៊ុនមិនទាន់មានការឯកភាពគ្នា៕

