អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina J. Mohammed បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកំពង់ផែ Port Sudan កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសហប្រជាជាតិចង់ធ្វើឱ្យប្រាកដ ពីការដឹកជញ្ជូនជំនួយឲ្យបានឆាប់រហ័ស ហូរចូលទៅក្នុងប្រទេសស៊ូដង់ដែលរងគ្រោះដោយសង្គ្រាម។

ក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ បាននិយាយថា ក្រុមប្រឹក្សានឹងអនុញ្ញាតឱ្យប្រើប្រាស់ច្រកព្រំដែន Adre ជាមួយប្រទេសឆាដ រយៈពេលបីខែ ជាចំណាត់ការមួយដែលរង់ចាំជាយូរមកហើយដោយភ្នាក់ងារជំនួយ ដែលព្យាយាមបញ្ជូនជំនួយទៅកាន់តំបន់នានានៅទីក្រុង Darfur គំរាមកំហែងដោយគ្រោះទុរ្ភិក្ស។

អង្គការឃ្លាំមើលពិភពលោក បាននិយាយថា មនុស្សជាង៦លាននាក់ ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងនៅទូទាំងទីក្រុង Darfur ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស (RSF) ជាគូប្រជែងរបស់កងទ័ពនៅក្នុងសង្គ្រាមរយៈពេល១៦ខែមកនេះ ហើយគ្រោះទុរ្ភិក្សបានរួមរឹតនៅក្នុងជំរំ Zamzam នៃរដ្ឋ North Darfur ។

រដ្ឋាភិបាលចម្រុះមានសម្ព័ន្ធមិត្តជាមួយកងទ័ព បានរារាំងការដឹកជញ្ជូនជំនួយកាលពីខែកុម្ភៈតាមច្រក Adre ចូលទៅក្នុងដែនដីគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដោយចោទប្រកាន់ថា វាត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនអាវុធ។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានរកឃើញកាលពីដើមឆ្នាំនេះថា ការចោទប្រកាន់ថាកងកម្លាំងគាំទ្ររហ័ស(RSF) បានទទួលការដឹកជញ្ជូនសព្វាវុធពីប្រទេសអារ៉ាប់រួម តាមរយៈប្រទេសឆាដគឺគួរឱ្យទុកចិត្តបាន។ ប៉ុន្តែប្រទេសអារ៉ាប់រួម និងកងកម្លាំងគាំទ្ររហ័ស(RSF) បានបដិសេធ រឿងនេះ។