ប្រមុខបណ្តោះអាសន្ននៃក្រសួងសុខាភិបាលបង់ក្លាដែស បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ សីហា) ថា អំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងប្រទេសអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដា បានសម្លាប់មនុស្សជាង ១.០០០នាក់ ដែលនោះជារយៈពេលដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់បង់ក្លាដែស ចាប់តាំងពីទទួលបានឯករាជ្យឆ្នាំ១៩៧១ មក។

អំពើហិង្សាបានផ្ទុះឡើងក្នុងអំឡុងពេលចលនាដឹកនាំដោយនិស្សិតប្រឆាំងនឹងកូតាការងារក្នុងវិស័យសាធារណៈ ដែលក្រោយមកបានបង្កើនទៅជាការបះបោរប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ដែលបានលាលែងពីតំណែង និងភៀសខ្លួនទៅឥណ្ឌា កាលពីថ្ងៃទី០៥ ខែសីហា ភ្លាមៗមុនពេលនិវេសនដ្ឋានរបស់លោកស្រីត្រូវបានសម្រុកចូលដោយបាតុកររាប់រយនាក់។

សេចក្តីថ្លែងការណ៍បាននិយាយដោយដកស្រង់សម្តីប្រធានបណ្ដោះអាសន្ននៃក្រសួងសុខាភិបាល លោកស្រី នូចាហាន បេហ្កាំ (Nurjahan Begum) ថា «មនុស្សជាង ១.០០០នាក់ត្រូវបានសម្លាប់ ហើយនិស្សិតជាង ៤០០នាក់បានបាត់បង់ការមើលឃើញរបស់ពួកគេ ដោយអ្នកខ្លះពិការភ្នែកម្ខាង និងអ្នកខ្លះទៀតត្រូវពិការភ្នែកទាំងសងខាង»។ ក្រសួងមិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថាបានវាយតម្លៃចំនួនអ្នកស្លាប់នោះដោយរបៀបណាទេ ប៉ុន្តែមន្ត្រីក្រសួងមហាផ្ទៃម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកជឿថាតួលេខនោះផ្អែកលើកំណត់ត្រាមន្ទីរពេទ្យ និងព័ត៌មានពីរដ្ឋបាលមូលដ្ឋាន។

រដ្ឋាភិបាលបណ្តោះអាសន្ន ដែលដឹកនាំដោយសេដ្ឋវិទូពានរង្វាន់ណូបែល លោក ម៉ូហាម៉េដ យូនុស (Muhammad Yunus) បានជំនួសការគ្រប់គ្រងរបស់លោកស្រី Hasina ដោយលុបបំបាត់អំពើហិង្សាដែលបានឆាបឆេះអស់ជាច្រើនសប្តាហ៍មុនពេលលោកស្រីចាកចេញ ខណៈកងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ា ដែលបានបន្តរយៈពេលប៉ុន្មានថ្ងៃទៀតបន្ទាប់ពីលោកស្រីបានភៀសខ្លួន៕