បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានវាយប្រហារពាក្យសម្ដីលើគូប្រជែងបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី Kamala Harris ជុំវិញបទសម្ភាសន៍របស់អនុប្រធានាធិបតីអាមេរិករូបនេះជាមួយទូរទស្សន៍ CNN ដែលចាក់ផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ (២៩ សីហា)។ លោកបានរិះគន់លោកស្រី Harris ថាគ្មានភាពជាមេដឹកនាំចំពោះការមានមិត្តរួមការងាររបស់ខ្លួន លោក ធីម វ៉លស៍ (Tim Walz) រួមសម្ភាសន៍ជាមួយ។

បន្ទាប់ពីបានឃើញឃ្លីបនៃការសម្ភាសន៍នោះ លោក Trump បានរិះគន់ដៃគូទាំងពីរថា «មិនស៊ីសង្វាក់គ្នា» ហើយប្រហែលកន្លះម៉ោងមុនពេលការចាក់ផ្សាយ លោកបានប្រាប់ហ្វូងមនុស្សក្នុងរដ្ឋ វីស្ខនស៊ិន (Wisconsin) ថា ទិដ្ឋភាពនៃការសម្ភាសន៍ ដែលធ្វើឡើងនៅទីក្រុង សាវ៉ានណា (Savannah) រដ្ឋ ចចា (Georgia) នេះបានធ្វើឱ្យលោកស្រី Harris មើលទៅគ្មានភាពជាប្រធានាធិបតីទាល់តែសោះ។

បន្ទាប់ពីកិច្ចសម្ភាសន៍បានបញ្ចប់ លោក Trump បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ទ្រូសសូសល (Truth Social) ថា «គួរឱ្យធុញទ្រាន់»។ លោក Trump និងយុទ្ធនាការរបស់លោកបានចំណាយពេលជាច្រើនសប្តាហ៍រិះគន់លោកស្រី Harris ចំពោះការមិនធ្វើសន្និសីទជាមួយអ្នកសារព័ត៌មាន ឬធ្វើបទសម្ភាសន៍ធំៗណាមួយ។
បន្ទាប់ពីលោកស្រីបានក្លាយជាបេក្ខភាពរបស់បក្សប្រជាធិបតេយ្យ លោក Trump បានធ្វើសន្និសីទសារព័ត៌មានចំនួនពីរក្នុងបំណងចំអកលោកស្រី Harris និងបង្ហាញពីឆន្ទៈរបស់លោកក្នុងការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែបន្ទាប់ពីលោកស្រី Harris បានយល់ព្រមធ្វើបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ CNN លោក Trump ក៏បានបន្តរិះគន់កាន់តែខ្លាំងឡើង៕