កំពង់ចាម៖ ដោយមានការសហការគ្នារវាងកំលាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះស្រាវជ្រាវឈានដល់បង្ក្រាបឈ្មួញដឹកកូនត្រីនុយខុសច្បាប់ នៅចំណុចភូមិព្រែកអណ្ដូង ឃុំព្រែកក្របៅ ស្រុកកងមាសខេត្តកំពង់ចាម។
លោក លី ស្រ៉ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានឲ្យBTVដឹងថា នៅវេលាម៉ោង៥ព្រឹកថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៤ កំលាំងជំនាញជលផលកំពង់ចាម សហការគ្នា ជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានបន្តចុះបង្ក្រាបឈ្មួញដឹកជញ្ជូនបទល្មើសកូនត្រីធ្វេីណុយត្រីធំខុសច្បាប់ បំរ៉ុងយកទៅលក់បន្ត។
លោកនាយខណ្ឌស្តីទី បញ្ជាក់ទៀតថា ដោយសារស្ថានពេលយប់ហេីយជនសង្ស័យដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត និងវត្ថុតាងចោល នៅចំណុចនៅចំណុចភូមិព្រែកអណ្ដូង ឃុំព្រែកក្របៅ ស្រុកកងមាសខេត្តកំពង់ចាម។
ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ បានឃាត់ចាប់រថយន្ត ដឹកកូនត្រីណុយ មួយគ្រឿង ឡានម៉ាក LIBERO PRO ពាក់ស្លាកលេខ កំពង់ចាម 2A-8200 ចំនួន ០១គ្រឿង ដឹកកូនត្រីចំរុះ៣០០គីឡូក្រាម ដោយឡែក ជនសង្ស័យ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានកសាងសំណុំរឿង រួមនឹងវត្ថុតាងដែលរឹបអូសខាងលើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕


