បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក ហានស៍ ហ្គ្រាន់ប៊ឺក
(Hans Grundberg) បានជួបប្រជុំជាមួយលោក រ៉ាសាដ អាល់អាលីមី ( Rashad Al-Alimi) ប្រធានក្រុមប្រឹក្សាគ្រប់គ្រងរបស់ប្រធានាធិបតីយេម៉ែននៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដែលពួកគេបានសង្កត់ធ្ងន់លើតម្រូវការសំខាន់សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីសម្រេចបាននូវការបន្ធូរបន្ថយកាន់តែទូលំទូលាយ នៅទូទាំងប្រទេសយេម៉ែន។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់ លោក ហ្គ្រាន់ប៊ឺក បេសកជនអង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបុគ្គលិកUN ដែលកំពុងជាប់ឃុំក្នុងប្រទេសយេម៉ែន និងបានលើកឡើងជាថ្មីនូវការអំពាវនាវជាបន្ទាន់របស់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ៊ុយតឺរេស (Antonio Guterres) ឲ្យមានការដោះលែងជាបន្ទាន់។

ទស្សនកិច្ចរបស់លោក ហ្គ្រាន់ប៊ឺក ទៅកាន់ទីក្រុងអាដែន (Aden) បានកើតឡើងបន្ទាប់ការធ្វើដំណើររបស់លោក ទៅកាន់ទីក្រុងមូស្កាត ( Muscat) ប្រទេសអូម៉ង់កាលពីថ្ងៃពុធ ជាទីដែលលោក បានជួបជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់ និងលោក ម៉ូហាម៉េដ អាប់ឌុល សាឡាម ( Mohammed Abdul Salam) ប្រធានគណៈប្រតិភូចរចារបស់ក្រុមហ៊ូទី។ យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីការិយាល័យរបស់លោកហ្គ្រាន់ប៊ឺក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ការពិភាក្សានៅទីក្រុងមូស្កាត បានផ្តោតលើការជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងកាត់បន្ថយភាពតានតឹង នៅទូទាំងប្រទេសយេម៉ែន។