ការិយាល័យសេវាស្ថិតិរដ្ឋសហព័ន្ធរបស់ប្រទេសរុស្ស៊ី ឬ Rosstat បានបញ្ឈប់ការបង្ហាញទិន្នន័យស្តីពីទិន្នផលផលិតផលប្រេងរបស់ខ្លួន។ Rosstat និយាយថា ការផ្លាស់ប្តូរនេះ គឺផ្អែកលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលរុស្ស៊ី។

ស្ថិតិប្រចាំខែ ដែល Rosstat បានចេញផ្សាយ ពុំបង្ហាញពីទិន្នន័យស្តីពីទិន្នផលប្រេងម៉ាស៊ូត និងផលិតផលប្រេងដ៏ទៃទៀតឡើយ។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការសម្រេចរបស់ការិយាល័យសេវាស្ថិតិរដ្ឋសហព័ន្ធរបស់រុស្ស៊ី ឬ Rosstat កាលពីខែឧសភា ដើម្បីបញ្ឈប់ការប្រកាសទិន្នន័យទិន្នផលប្រេងសាំង។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និយាយថា ក្រសួងថាមពល បានកំណត់ថា ការបង្ហាញព័ត៌មានបែបនេះ អាចត្រូវបានប្រើប្រាស់ដោយអ្នកចូលរួមទីផ្សារគ្មានសីលធម៌ ក្នុងពេលស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះ។
ការសម្រេចនេះ ត្រូវបានគេជឿថា មានគោលបំណងទប់ស្កាត់ការភ័ន្តច្រឡំទីផ្សារ ដែលបណ្តាលមកពីការធ្លាក់ចុះការផលិត។
អភិបាលតំបន់ Kirov ភាគកណ្កាលរបស់រុស្ស៊ី បាននិយាយថា អាងសម្រាប់ស្តុកផលិតផលប្រេង ត្រូវបានវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយ BBC របស់អង់គ្លេស បានរាយការណ៍ថា អ៊ុយក្រែនបានវាយប្រហារឃ្លាំងស្តុកប្រេង និងរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរុស្ស៊ី និងដែនដីកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនយ៉ាងហោចណាស់៦៤ លើក ក្នុងឆ្នាំនេះ។