ប្រភពសន្តិសុខប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីទីក្រុងទួបាស ( Tubas) ភាគខាងជើងតំបន់វេសបែង បន្ទាប់ពីប្រតិបត្តិការយោធារយៈពេល ៣០ម៉ោង។

ប្រភព បានប្រាប់សារព័ត៌មានស៊ីនហួថា កងទ័ព បានដកចេញពីជំរំជនភៀសខ្លួនហ្វា ( Far'a) ភាគខាងត្បូងនៃទីក្រុងទួបាស បន្ទាប់ពីការវាយឆ្មក់របស់ខ្លួន ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤នាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនឹងនេះ អាជ្ញាធររូបិយវត្ថុប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាធនាគារត្រូវបានរំខាន នៅក្នុងសាខាធនាគារមួយចំនួន នៅក្នុងទីក្រុងជេនីន (Jenin) ខណៈដែលកងទ័ពអ៊ីស្រាអែល បានបំផ្លាញខ្សែកាបអ៊ីនធឺណិត នៅក្នុងទីក្រុងនេះ។
អាជ្ញាធរនេះ បានបន្តថា សាខាធនាគារ នឹងដំណើរការសេវាឡើងវិញ នៅពេលដែលខ្សែកាបហ្វៃប៊ឺ ត្រូវបានជួសជុល ហើយសេវាអ៊ីនធឺណិត ត្រូវបានស្ដារឡើងវិញ។
យោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅក្នុងជំរុំជនភៀសខ្លួន Tulkarm, Jenin និង Tubas ក្នុងការប៉ុនប៉ងចាប់ខ្លួនអ្នកដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែល។