រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន «ចៀសវាងពីការពង្រីកការការពារនុយក្លេអ៊ែរ ឬពង្រីកសម្ព័ន្ធភាពនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

លោក វ៉ូ ចៀន ( Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងការគេចវេសពីការទទួលខុសត្រូវលើការរំសាយអាវុធ ក្រោមលេសនៃ«ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន»ដែលមិនពិត ដូចដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍។

លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនរក្សានូវ «យុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពារ» និងរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលចាំបាច់សម្រាប់សន្តិសុខជាតិ។
លោក វ៉ូ ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា៖«នេះគឺជាការដឹងទូទៅដែលថា សហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត ក្នុងពិភពលោក ហើយអនុវត្តតាមគោលនយោបាយនុយក្លេអ៊ែរដែលអនុញ្ញាតឲ្យមានការប្រើអាវុធនុយក្លេអ៊ែរ ជាលើកដំបូង»។
លោក បានរិះគន់បន្ថែមទៀតចំពោះសហរដ្ឋអាមេរិកសម្រាប់ការបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិតអាវុធនុយក្លេអ៊ែរខ្នាតតូចសម្រាប់ការប្រយុទ្ធពិតប្រាកដ ហើយបានចោទប្រកាន់ថា បានអនុវត្តស្តង់ដាពីរលើការរីកសាយអាវុធនុយក្លេអ៊ែរ ដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពជាយុទ្ធសាស្ត្រពិភពលោក។