សហរដ្ឋអាមេរិក និងចិន បានលើកឡើងថា កិច្ចពិភាក្សាយុទ្ធសាស្ត្រកម្រិតខ្ពស់ នៅសប្តាហ៍នេះ គឺជាជំហានឆ្ពោះទៅរកការចៀសវាងការបង្កើតនូវការវាយតម្លៃខុស។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ យល់ឃើញថា នៅតែមានការខ្វះនូវភាពជឿជាក់ នៅពេលនិយាយដល់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានស្ថិតនៅឯទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងបណ្ដាមន្ត្រីយោធាជាន់ខ្ពស់ដទៃទៀត ខណៈដែលសហរដ្ឋអាមេរិក និងចិន ប្រឹងប្រែងបន្តរក្សាវិធានការពារ ជុំវិញការប្រជែងគ្នាជាយុទ្ធសាស្ត្រដែលកំពុងកើនឡើងរបស់ពួកគេ។ កិច្ចពិភាក្សារបស់លោក Sullivan កាលពីថ្ងៃពុធជាមួយឧត្តមសេនីយ៍ លោក Zhang Youxiam អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ប្រទេសចិន រួមមានការរៀបចំដើម្បីកែលម្អទំនាក់ទំនង រវាងយោធាទាំង២ ក្នុងនោះមានរួមបញ្ចូលទាំងរវាងមេបញ្ជាការជាន់ខ្ពស់ផងដែរ។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើដំណើរលើកដំបូងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦ មកនោះ គឺជាផ្នែកនៃការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បី «រក្សាបណ្ដាញការប្រាស្រ័យទាក់ទង ដែលគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ»។ ក្នុងខណៈពេលដែលភាពតានតឹង នៅតែបន្តមាន រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហានានា ដែលរួមមានទាំងការពង្រីកសកម្មភាពរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និងសម្ពាធយោធាយ៉ាងជាប់លាប់លើកោះតៃវ៉ាន់ ការបញ្ចៀសនូវការវាយតម្លៃខុសដែលអាចនាំឲ្យមានជម្លោះបើកចំហនោះ គឺជាអាទិភាពរួមមួយ។ ក្នុងខណៈពេលដែលប្រទេសចិនបានធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធាធម្មតារបស់ខ្លួនដោយជោគជ័យ ក្នុងទសវត្សរ៍កន្លងមកនេះ ការព្រួយបារម្ភកំពុងកើនឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញការពង្រីកប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ចិនយ៉ាងឆាប់រហ័សនេះ ក្នុងនោះរួមជាមួយនឹងសក្តានុពលរបស់ទីក្រុងប៉េកាំង សម្រាប់កិច្ចសហប្រតិបត្តិការជាមួយឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងកូរ៉េខាងជើង។
ក្នុងខែសីហានេះ លោក Vipin Narang អតីតជំនួយការស្តីទីរបស់ក្រសួងការពារជាតិ សម្រាប់គោលនយោបាយអវកាស បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden «ទើបបានចេញនូវការណែនាំការងារអាវុធនុយក្លេអ៊ែរដែលត្រូវបានធ្វើបច្ចុប្បន្នភាពហើយ ដើម្បីទទួលខុសត្រូវទប់ទល់នឹង ចំពោះសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរជាច្រើន» ជាពិសេស «បរិមាណ និងភាពចម្រុះ» នៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកឆ្នាំ២០២៣ ចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០គ្រាប់ ហើយចំនួននោះត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។ នៅឆ្នាំ២០៣៥ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ចំនួនអាវុធនុយក្លេអ៊ែររបស់ចិន ដែលត្រូវបានដាក់ពង្រាយ នឹងស្មើនឹងសហរដ្ឋអាមេរិក និងរុស្ស៊ីប្រហែល ១.៥០០គ្រាប់៕