កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញការវាយប្រហារ និងដុតកម្ទេចចោលនាវាដឹកប្រេង Sounion ដោតទង់ជាតិក្រិកនៅក្នុងសមុទ្រក្រហម ។
បេសកកម្មសហភាពអឺរ៉ុប នៅក្នុងសមុទ្រក្រហម បាននិយាយថា គ្មានការកំពប់ប្រេងចូលក្នុងទឹកសមុទ្រនោះទេនៅជិតនាវាដឹកប្រេងដោតទង់ជាតិក្រិក ដែលរងការវាយប្រហារដោយក្រុមជីវពលហ៊ូទី នៅជិតតំបន់ឆ្នេរសមុទ្រប្រទេសយេម៉ែន ។
បេសកកម្ម Aspides និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃពុធថា នាវា Sounion នៅបោះយុថ្កា ហើយពុំបានអណ្តែតទៅណានោះទេ ។
ខណៈពេលនោះដែរ អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី លោក Mohammed Abdulsalam បាននិយាយ កាលពីល្ងាចថ្ងៃពុធថា ពួកគេយល់ព្រមអនុញ្ញាតឲ្យមានប្រតិបត្តិការជួយសង្គ្រោះ និងសណ្តោងនាវាដឹកប្រេងដែលឆេះ នៅសមុទ្រក្រហម ក្រោយពេលនាវាមួយគ្រឿងនេះ បានឆាបឆេះ ចប់តាំងពីថ្ងៃទី ២៣ ខែសីហារហូតមក ។
ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ មានគោលដៅលើនាវា Sounion អំឡុងការវាយប្រហារជាច្រើនលើកនៅជិតទីក្រុងកំពង់ផែ Hodeidah របស់ប្រទេសយេម៉ែន ជាហេតុធ្វើឲ្យនាវាមួយគ្រឿងនេះ ឆាបឆេះជាអគ្គិភ័យឡើង ។
ការវាយប្រហារនេះដែរ នាំឲ្យកើតមានការប្រកាសអាសន្នក្នុងសហគមន៍បរិស្ថាន ដោយសាតែនាវា មានផ្ទុកប្រេងឆៅទម្ងន់ ១៥ម៉ឺនតោន ឬស្មើនឹង ១លានបារ៉ែល ៕