អាជ្ញាធរប៉ាណាម៉ា បាននិរទេសជនអន្តោប្រវេសន៍មួយក្រុមទៅកាន់ប្រទេសអេក្វាឌ័រ តាមជើងហោះហើរទី២ ដែលផ្តល់ហិរញ្ញប្បទានដោយសហរដ្ឋអាមេរិក ដោយនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា ដើម្បីរារាំងការឆ្លងកាត់មិនទៀងទាត់ និងកាត់បន្ថយលំហូរនៃការធ្វើអន្តោប្រវេសន៍ដែលភាគច្រើនជាប់ព្រំដែនសហរដ្ឋអាមេរិក។
សេវាកម្មជនអន្តោប្រវេសន៍របស់ប៉ាណាម៉ា បានឲ្យដឹងថា ជើងហោះហើរដែលដឹកជនជាតិអេក្វាឌ័រ ៣០នាក់ បានចេញដំណើរកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) ដោយឆ្ពោះទៅកាន់ទីក្រុងឆ្នេរសមុទ្រ Manta របស់ប្រទេសអេក្វាឌ័រ ហើយស្ថាប័នេះបានបន្ថែមថា ជនអន្តោប្រវេសន៍ត្រូវបាននិរទេសដោយសារគេចពីច្រកត្រួតពិនិត្យទេសន្តរប្រវេសន៍ នៅលើផ្លូវ Darien Gap ដ៏ពេញនិយម។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ តែងនាំគ្នាធ្វើដំណើរឆ្លងកាត់ផ្លូវព្រៃដ៏គ្រោះថ្នាក់ Darien Gap នៅព្រំដែនប្រទេសប៉ាណាម៉ាជាមួយប្រទេសកូឡុំប៊ី តាមផ្លូវទៅកាន់សហរដ្ឋអាមេរិក។
ជើងហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងបន្ទាប់ពីជើងហោះហើរដំបូងដែលផ្តល់ហិរញ្ញប្បទានដោយទីក្រុងវ៉ាស៊ីនតោន នៅពាក់កណ្តាលខែសីហា ដែលបានដឹកត្រឡប់ទៅប្រទេសកូឡុំប៊ីវិញ ចំពោះជនអន្តប្រវេសន៍ប្រមាណជា ៣០នាក់។
ការនិរទេសចុងក្រោយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីប៉ាណាម៉ា លោក Jose Mulino បានប្រកាសពីការត្រឡប់មកវិញនៃជើងហោះហើរដឹកជនអន្តោប្រវេសន៍ឥណ្ឌា ក្នុងខែកញ្ញា និងដឹកពលរដ្ឋចិនតាមកាលបរិច្ឆេទដែលមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់៕