ព្រះមហាក្សត្រនៃជនជាតិភាគតិច Maori (ម៉ាអូរិ) របស់ប្រទេសនូវែលសេឡង់ ព្រះនាម Tuheitia Pootatau Te Wherowhero VII បានសោយទីវង្គតដោយជរាពាធ នៅព្រឹកថ្ងៃសុក្រ (ទី៣០ ខែសីហា) ក្នុងព្រះជន្ម ៦៩ព្រះវស្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយអ្នកតំណាងរបស់ព្រះអង្គ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសរបស់លោកនឹងកាន់ទុក្ខ ចំពោះការបាត់បង់ព្រះអង្គម្ចាស់ Kiingi Tuheitia។
បើយោងតាមវិទ្យុនូវែលសេឡង់ បានឲ្យដឹងថា ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ Maori មិនចាំបាច់មានការស្នងរាជ្យតាមញាតិវង្សនោះទេ ហើយមេដឹកនាំថ្មីនឹងត្រូវបានតែងតាំងដោយមេកុលសម្ព័ន្ធដែលទាក់ទងនឹងចលនាព្រះមហាក្សត្រ នៅថ្ងៃប្រារព្ធពិធីបុណ្យរបស់ស្ដេច Kiingi Tuheitia ប៉ុន្តែមុនពេលព្រះសពត្រូវបានបញ្ចុះ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រជនជាតិភាគតិច Maori ត្រូវបានចាត់ទុកថា ជាមេដឹកនាំកំពូលនៃកុលសម្ព័ន្ធជាច្រើន ឬ Iwi (អ៊ីវី) ប៉ុន្តែមិនមានទំនាក់ទំនងជាមួយគ្រប់កុលសម្ព័ន្ធទាំងអស់នោះទេ។ តួនាទីរបស់ព្រះមហាក្សត្រមិនមានអំណាចតុលាការ ឬច្បាប់ នៅនូវែលសេឡង់នោះទេ ហើយភាគច្រើន គឺជាពិធីបែបប្រពៃណី៕