ក្រុមហ៊ុនថាមពល SSE និយាយថា កសិដ្ឋានខ្យល់លើកោះ Shetland របស់ស្កុតលែន អាចផ្តល់ថាមពលដល់ផ្ទះ ៥០ម៉ឺនខ្នង នៅអង់គ្លេសដីគោក ។
ក្រុមហ៊ុន SSE និយាយថា គម្រោង Viking ដែលមានទួរប៊ីន ១០៣គ្រឿង អាចបង្កើតថាមពលអគ្គិសនី ៤៤៣មេហ្គាវ៉ាត់ ដែលល្មមគ្រប់គ្រាន់ផ្តល់ថាមពលគេហដ្ឋានជិតកន្លះលានខ្នង ។
លោក Alistair Phillips-Davies គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន SSE បានរៀបរាប់ថា គម្រោងមួយនេះ ពិតជាសំខាន់ខ្លាំងណាស់ ហើយវានឹងនាំថាមពលស្អាតដល់កោះ Shetland ហើយនិងតភ្ជាប់ទៅកាន់ក្រុមហ៊ុនអគ្គិសនី National Grid របស់អង់គ្លេស ដែលនេះមានន័យថា វាអាចនាំថាមពលត្រឡប់ពីចក្រភពអង់គ្លេសវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់គម្រោងមួយនេះ និយាយថា វានឹងនាំអត្ថប្រយោជន៍តិចតួចប៉ុណ្ណោះ ដល់កោះ Shetland ។
លោក Moraig Lyall គឺជាសមាជិកក្រុមប្រឹក្សាកោះ Shetland និយាយថា ពលរដ្ឋក្រឡេកតាមបង្អួចផ្ទះរបស់ពួកគេ មើលទួរប៊ីនទាំងអស់នេះ ដែលផលិតថាមពលបានច្រើនជាងពួកយើងអាចប្រើប្រាស់ ។ លោកបន្តថា អ្នកស្រុកមានការព្រួយបារម្ភពីការឡើងថ្លៃអគ្គិសនី ។
សូមបញ្ជាក់ថា កោះ Shetland គឺជាដែនដីដែលមានខ្យល់បក់ខ្លាំងបំផុតរបស់ចក្រភពអង់គ្លេស ដែលនេះមានន័យថា កសិដ្ឋានខ្យល់ អាចប្រើខ្យល់ដើម្បីបង្កើតអគ្គិសនី ៕


