រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បាននិយាយថា កងវរសេនាតូច និងកងពលតូចភាគច្រើនរបស់ក្រុមហាម៉ាស ត្រូវបានកម្ទេច នៅតំបន់ហ្កាហ្សាស្ទ្រីប។
ដោយត្រូវបានក្រសួងការពារជាតិអ៊ីស្រាអែលដកស្រង់សម្តី លោកបានបញ្ជាក់ថា៖«កងពលតូច និងកងវរសេនាតូចភាគច្រើនរបស់ហាម៉ា ត្រូវបានបំផ្លាញនៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ១១ខែកន្លងទៅ។ មេយោធាក្រុមហាម៉ាសលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif) ត្រូវបានសម្លាប់ រួមជាមួយនឹងអ្នកផ្សេងទៀត នៅក្នុងបញ្ជីនៃក្រុមភេរវករជាន់ខ្ពស់»។
យោងតាមលោក ហ្គាឡែនធ៍ «សមិទ្ធិផលយោធា»របស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានអនុញ្ញាតឲ្យប្រជាជននៃតំបន់ភាគច្រើន ដែលត្រូវបានជម្លៀសចេញកាលពីមុន នៅភាគខាងត្បូងអ៊ីស្រាអែល ត្រឡប់ទៅផ្ទះសម្បែងវិញ។ លោកបានបន្ថែមថា សមិទ្ធិផលយោធាទាំងនេះ ក៏អាចអាចនាំយកចំណាប់ថ្នូរមួយចំនួនធំ ត្រឡប់មកវិញពីតំបន់ហ្កាហ្សាវិញ។
ចំណែកជួរមុខភាគខាងជើង ដែលការប្រឈមមុខដាក់គ្នា បន្តជាមួយចលនាហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បេសកកម្មរបស់កងទ័ព គឺដើម្បីធ្វើឲ្យប្រាកដថា អ្នកស្រុកនៃតំបន់ភាគខាងជើងអាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ប្រមុខការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា «ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវពង្រីកគោលដៅនៃសង្រ្គាម ដើម្បីរួមបញ្ចូលការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកភាគខាងជើងរបស់អ៊ីស្រាអែល ទៅកាន់ផ្ទះសម្បែងរបស់ពួកគេ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានចង្អុលបង្ហាញថា យើងនឹងមិនកាត់បន្ថយការប្តេជ្ញាចិត្តរបស់យោធាអ៊ីស្រាអែល ក្នុងការ «កម្ចាត់ក្រុមហាម៉ាស និងបញ្ជូនចំណាប់ថ្នូរត្រឡប់មកវិញទេ» ។