ការិយាល័យប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានឲ្យដឹងថា ប្រទេសហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ ជាជំហានដ៏សំខាន់មួយរបស់ប្រទេសទាំង២ ដែលបានប្រឆាំងជាយូរមកហើយ ចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang បានស្ថិតនៅឯទីក្រុងម៉ានីល នាថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគីហ្វីលីពីន លោក Gilberto Teodoro ហើយនៅព្រឹកថ្ងៃដដែលនេះ លោកបានចូលជួបសម្ដែងការគួរសម ចំពោះលោក Marcos។
ក្នុងសេចក្តីថ្លែងការណ៍ដែលមិនបានបញ្ជាក់លម្អិត អំពីកិច្ចព្រមព្រៀងការពារជាតិនោះ លោក Marcos ដែលត្រូវបានដកស្រង់សម្តី បានប្រាប់ថា៖ «ឥឡូវនេះយើងនិយាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កិច្ចសហប្រតិបត្តិការសន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ ហើយប្រាកដណាស់លើវិស័យពាណិជ្ជកម្មផងដែរ។ ខ្ញុំគិតថា ដំណើរទស្សនកិច្ចរបស់អ្នកនឹងដើរតួជាកម្លាំងរុញច្រានបន្ថែមទៀត ពោលគឺជាការជំរុញបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការទាំងនោះ ទាំងមានភាពស៊ីជម្រៅ និងវិសាលភាពនៃទំនាក់ទំនងរបស់យើង»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតមានឡើងក្នុងខណៈពេលដែលភាពតានតឹង នៅសមុទ្រចិនខាងត្បូង ឡើងកម្ដៅ ហើយមានការព្រួយបារម្ភអន្តរជាតិ អំពីការកើនឡើងនូវភាពតានតឹង និងជុំវិញការអនុវត្តរបស់កងនាវាឆ្មាំល្បាតសមុទ្រដ៏ធំរបស់ចិន និងសកម្មភាពរបស់ប្រទេសនេះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសជិតខាងរបស់ខ្លួន៕

