មូលនិធិប្រជាជនអង្គការសហប្រជាជាតិ(UNFPA) បានរាយការណ៍ថា ទឹកជំនន់ដ៏គំហក់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង និងបាក់ទំនប់ទឹក ៣កន្លែង នៅស្រុកម៉ាល់ហាន ខេត្តអាល់-ម៉ាវីត ប្រទេសយេម៉ែន ធ្វើឲ្យមានការខូចខាតទ្រង់ទ្រាយធំ និងបណ្តាលឲ្យមនុស្ស ៤១នាក់ បាត់បង់ជីវិត ឬបាត់ខ្លួន ។
យោងតាមការអះអាងរបស់ UNFPA បានឲ្យដឹងថា មនុស្ស ២៤នាក់ បានស្លាប់ ខណៈដែលមនុស្ស ១៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
ទឹកជំនន់នេះដែរ បានបំផ្លិចបំផ្លាញទាំងស្រុងផ្ទះសម្បែងប្រជាពលរដ្ឋ ៤០ខ្នង និងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រហែល ២៣០ខ្នងបន្ថែមទៀត ក្នុងនោះមនុស្សប្រហែល ១.០២០គ្រួសារ បានរងផលប៉ះពាល់ ។
លោក អាប់ឌុលឡា អាល់-ម៉ាល់ហានី គឺជាពលរដ្ឋយេម៉ែនមួយរូប បានបង្ហាញពីស្ថានភាពធ្ងន់ធ្ងរដែលសហគមន៍របស់លោក កំពុងប្រឈម ។
លោក អាល់-ម៉ាល់ហានី និយាយថា ស្រុកទាំងអស់នៅក្នុងខេត្តអាល់-ម៉ាវីត បានជួបគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ។ ទឹកហូរនាំយកផ្ទះសម្បែងប្រជាពលរដ្ឋទៅអស់ ហើយប្រជាពលរដ្ឋ បានជម្លៀសខ្លួន ដោយសារបំណាក់ថ្ម និងផ្ទះបាក់ដែលបន្តធ្លាក់ដោយសារភ្លៀងធ្លាក់ខ្លាំង ។
លោកនិយាយទៀតថា ពួកយើងត្រូវការការធ្វើអន្តរាគមន៍បន្ទាន់សម្រាប់ជំនួយ និងសង្រ្គោះអ្នក កប់ក្រោមកម្ទេចកម្ទីផ្ទះសម្បែង ហើយនិងសង្រ្គោះគ្រួសារ និងអ្នករងរបួស ។
រូបភាពវីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញសហគមន៍ជួបការលំបាកដោយសារទឹកជំនន់ ខណៈ ក្រុមជួយសង្រ្គោះ បានរុករកតាមកម្ទេចកម្ទី ហើយគ្រឿងចក្រ បោសសម្អាតគំនរបាក់បែក ដើម្បីចូលដល់តំបន់រងផលប៉ះពាល់ ៕


