អាល្លឺម៉ង់ និយាយថា នៅថ្ងៃសុក្រនេះពួកគេបានចាប់ផ្តើមឡើងវិញការបញ្ជូនឧក្រិដ្ឋជនត្រូវបានផ្តន្ទាទោសដែលជាជនជាតិអាហ្វហ្គានីស្ថានទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ស្របពេលដែលទីក្រុងប៊ែរឡាំងផ្លាស់ប្តូរគោលនយោបាយរារាំងការនិរទេសទៅកាន់ប្រទេសគ្រប់គ្រងដោយក្រុមតាលីបង់មួយនេះ ។

រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ បានរងសំពាធខ្លាំង ដើម្បីប្រកាន់ភ្ជាប់គោលជំហររឹងមាំជាងមុនលើការធ្វើអន្តោប្រវេសន៍ ក្រោយករណីវាយប្រហារដោយកាំបិទដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម កាលពីរយៈពេល ១សប្តាហ៍មុន ហើយនិងក្រោយពេលបុរសជនជាតិអាហ្វហ្គានីស្ថាន បានចាក់សម្លាប់នគរបាលម្នាក់ នៅក្នុងការវាយប្រហារដោយកាំបិតកាលពីខែមិថុនា ។
ទស្សនាវដ្តី Spiegel រាយការណ៍ថា ជើងហោះហើរទៅកាន់ទីក្រុងកាប៊ុល បានហោះចេញពីទីក្រុង Leipzig នៅព្រឹកថ្ងៃសុក្រនេះ ជាមួយឧក្រិដ្ឋជនត្រូវបានផ្តន្ទាទោស ២៨នាក់នៅលើយន្តហោះ ក្រោយរយៈពេលច្រើនខែនៃការចរចាដោយសម្ងាប់ជាមួយអ្នកសម្របសម្រួលកាតា ។
រដ្ឋាភិបាលអាល្លឺម៉ង់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេសូមថ្លែងអំណរគុណដល់ដៃគូសំខាន់ក្នុងតំបន់សម្រាប់ការគាំទ្ររបស់ពួកគេ ហើយការនិរទេសបន្ថែមទៀត នឹងត្រូវធ្វើបន្ត ។
សូមបញ្ជាក់ថា ទីក្រុងប៊ែរឡាំង បានបញ្ឈប់ការបញ្ជូនមនុស្សត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ដោយសារក្តីកង្វល់សិទ្ធិមនុស្ស ក្រោយក្រុមតាលីបង់ដណ្តើមបានអំណាចកាលពីឆ្នាំ ២០២១ ៕
