កងកម្លាំងអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់មេបញ្ជាការក្នុងស្រុកម្នាក់របស់ក្រុមចលនាអ៊ីស្លាមហាម៉ាស់នៅទីក្រុង Jenin នាថ្ងៃសុក្រនេះ ស្របពេលដែលពួកគេបន្តប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំក្នុងតំបន់កាន់កាប់វ៉េសប៊ែងដល់ថ្ងៃទី ៣ ។
យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងនគរបាលព្រំដែន បានសម្លាប់លោក Wassem Hazem ដែលជាមេបញ្ជាការក្រុមហាម៉ាស់នៅទីក្រុង Jenin ហើយនិងបានជាប់ពាក់ព័ន្ធជាមួយការបាញ់ប្រហារ និងវាយប្រហារដោយគ្រាប់បែកនៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។
ពួកគេបន្តថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ២នាក់ផ្សេងទៀត ដែលបានព្យាយាមរត់គេចពីរថយន្តរបស់ពួកគេ ត្រូវបានសម្លាប់ដោយយានដ្រូន ។
ពួកគេនិយាយទៀតថា អាវុធ គ្រឿងផ្ទុះ និងប្រាក់យ៉ាងច្រើន ត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ក្រុមជីវពល ។
ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីក្រុមហាម៉ាស់ ៕