ប្រទេសចិនមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើការលុកលុយទាំងស្រុងលើកោះតៃវ៉ាន់នោះទេ ដោយសារតែប្រទេសនេះខ្វះនូវគ្រឿងយុទ្ធោបករណ៍ ប៉ុន្តែកំពុងនាំយកអាវុធថ្មីទំនើបៗ និងមានជម្រើសផ្សេងទៀត ដើម្បីគំរាមកំហែងកោះតៃវ៉ាន់ ដូចជាការត្រួតពិនិត្យនាវាដឹកទំនិញបរទេសជាដើម។ នេះបើតាមការលើកឡើងរបស់ស្ថាប័នការពារជាតិរបស់កោះនេះ។
គួរបញ្ជាក់ថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីប្រកាសពីការអះអាងរបស់ខ្លួន ដែលទីក្រុងតៃប៉ិបដិសេធយ៉ាងដាច់អហង្ការ។ ហើយចិនមិនដែលបោះបង់ចោលគំនិត ក្នុងការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។
រដ្ឋាភិបាលនៃសាធារណរដ្ឋចិនដែលរងបរាជ័យ បានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ នៅឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលដោយសារបក្សកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង ហើយគ្មានសន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់ ត្រូវបានចុះហត្ថលេខាឡើយ។
នៅក្នុងការវាយតម្លៃពីការគំរាមកំហែងប្រចាំឆ្នាំរបស់ចិន ដែលបានផ្ញើទៅសមាជិកសភា នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ តាមរយៈច្បាប់ចម្លងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters ស្ថាប័នការពារជាតិកោះតៃវ៉ាន់ បានប្រាប់ថា ទីក្រុងប៉េកាំងបន្តពង្រឹងជំនាញជាច្រើន ដូចជាប្រតិបត្តិការបញ្ជារួមគ្នាជាដើម។
ឯកសារវាយតម្លៃនោះ បានបង្ហាញថា៖ «ទោះជាយ៉ាងណាក្ដី ការប្រើប្រាស់យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រប្រឆាំងនឹងកោះតៃវ៉ាន់ នៅតែមានកម្រិត ដោយសារបរិយាកាសភូមិសាស្ត្រនៃច្រកសមុទ្រតៃវ៉ាន់ និងឧបករណ៍ចូលចតមិនគ្រប់គ្រាន់ ហើយនិងសមត្ថភាពដឹកជញ្ជូន។ ចិនមិនទាន់មានសមត្ថភាពប្រយុទ្ធផ្លូវការពេញលេញនៅឡើយទេ ក្នុងការលុកលុយកោះតៃវ៉ាន់»។
ស្ថាប័ននេះបានបន្ថែមថា ប៉ុន្តែចិនកំពុងពន្លឿនការអភិវឌ្ឍលើអាវុធថ្មីៗមួយចំនួន ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-20 និងមីស៊ីលលឿនជាងសំឡេង និងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ខណៈកំពុងសាកល្បងយុទ្ធសាស្ត្រថ្មីៗ៕