អង្គការសហប្រជាជាតិ(UN)និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានបញ្ចេញថវិកា ១០០លានដុល្លារ ដើម្បីគាំទ្រវិបត្តិខ្វះមូលនិធិចំនួន ១០ នៅអាហ្វ្រិក អាមេរិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ។
អ្នកនាំពាក្យ UNនិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជាង ១ភាគ ៣នៃការផ្តល់មូលនិធិនេះ នឹងត្រូវចំណាយលើប្រតិបត្តិការជំនួយក្នុងប្រទេសយេម៉ែនចំនួន ២០លានដុល្លារ និងប្រទេសអេត្យូពីចំនួន ១៥លានដុល្លារ ជាកន្លែងដែលមនុស្សប្រឈមភាពអត់ឃ្លាន រត់ភៀសខ្លួន ជំងឺ និងគ្រោះមហន្តរាយធម្មជាតិ ។
ប្រទេសផ្សេងទៀត ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការផ្តល់មូលនិធិនេះដែរ រួមមានមីយ៉ាន់ម៉ា ១២លានដុល្លារ ម៉ាលី ១១លានដុល្លារ ប៊ូគីណា ហ្វាសូ ១០លានដុល្លារ ហៃទី ៩លានដុល្លារ កាមរូន ៧លានដុល្លារ និងម៉ូសំប៊ិក ៧លានដុល្លារ ដូចគ្នានឹងប្រទេសរងផលប៉ះពាល់ដោយសារបាតុភូតធម្មជាតិអែល នីញ៉ូ គឺប្រទេសប៊ូរុនឌី ៥លានដុល្លារ និងប្រទេសម៉ាឡាវី ៤លានដុល្លារ ។
អ្នកស្រី Joyce Msuya គឺជាមន្រ្តីទីភ្នាក់ងារមនុស្សធម៌ OCHA របស់UN និយាយថា ពួកយើងត្រូវការបន្ទាន់នូវការយកចិត្តទុកដាក់កើនឡើង និងប្រកបដោយនិរន្តរភាពពីម្ចាស់ជំនួយ ចំពោះវិបត្តិខ្វះមូលនិធិទាំងនេះ ៕