អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ បាននិយាយថា ការស៊ើបអង្កេតពីអំពើពុករលួយដែលកំពុងបន្តមាន លើមន្ត្រីការពារជាតិរុស្ស៊ី មានពាក់ព័ន្ធនឹង «ការចោទប្រកាន់ធ្ងន់ធ្ងរ» ដែលនឹងនាំទៅដល់ការកាត់ក្តីរបស់តុលាការ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) តុលាការយោធា នៅទីក្រុងមូស្គូ បានឃុំខ្លួនលោក Pavel Popov អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិពីបទសង្ស័យក្លែងបន្លំ ជាការស៊ើបអង្កេតពីអំពើពុករលួយចុងក្រោយលើមន្ត្រី ដែលមានទំនាក់ទំនងជាមួយអតីតរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu។
នៅពេលត្រូវបានសួរ ដើម្បីសុំការអត្ថាធិប្បាយលើការស៊ើបអង្កេតនោះ លោក Peskov បានឆ្លើយតបថា៖ «ពិតណាស់ ការចោទប្រកាន់ធ្ងន់ធ្ងរ កំពុងត្រូវបានធ្វើឡើង»។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាការងារជាប្រព័ន្ធរបស់ភ្នាក់ងារអនុវត្តច្បាប់។ យើងមិនអាចនិយាយព័ត៌មានលម្អិតបានទេ។ នៅពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់ នោះនឹងមានការកាត់ក្តី»។
រឿងអាស្រូវពុករលួយ ដែលជារឿងដ៏ធំបំផុត វាយលុកលើវិស័យការពារជាតិ និងស្ថាប័នយោធារបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានគេឃើញមានការឃុំខ្លួន ចំពោះមន្ត្រីយ៉ាងហោចណាស់ ១២នាក់ ចាប់តាំងពីខែមេសាមក៕