យោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ចប់ប្រតិបត្តិការរយៈពេល ១ខែ នៅភាគខាងត្បូង និងភាគកណ្តាលនៃតំបន់ហ្កាហ្សា ជាកន្លែងដែលខ្លួនបាននិយាយថា បានសម្លាប់យុទ្ធជនប៉ាឡេស្ទីនជាង ២៥០នាក់។
សេចក្តីថ្លែងការណ៍យោធា បានឲ្យដឹងថា៖ «កងទ័ពនៃកងពលធំទី៩៨ បានបញ្ចប់ប្រតិបត្តិការតាមតំបន់បែងចែករបស់ពួកគេ នៅក្នុងទីក្រុង Khan Younis និងទីក្រុង Deir el-Balah បន្ទាប់ពីមានប្រតិបត្តិការរយៈពេលប្រហែល ១ខែ ទាំងលើដី និងក្រោមដី ក្នុងពេលដំណាលគ្នា»។
សេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា៖ «ជាផ្នែកមួយនៃប្រតិបត្តិការនេះ កងទ័ពបានកម្ចាត់សមាជិកភេរវករជាង ២៥០នាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវកររាប់សិបកន្លែង»។
ហើយអ្នកនាំពាក្យយោធា បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា គ្មានប្រតិបត្តិការផ្សេងទៀត កំពុងកើតឡើងក្នុងតំបន់ទាំង២ នោះទេ សម្រាប់ពេលនេះ៕