មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ បាននិយាយថា ខ្លួនបានចែករំលែកជាមួយដៃគូសហរដ្ឋអាមេរិកនូវរបាយការណ៍បឋម អំពីការធ្លាក់យន្តហោះចម្បាំង F-16 ដែលបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោក Mykola Oleshchuk បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា ដៃគូមកពីសហរដ្ឋអាមេរិកដែល F-16 ត្រូវបានផលិតនៅទីនោះ កំពុងជួយដល់ការស៊ើបអង្កេតនេះ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះ F-16 បានធ្លាក់ ហើយអាកាសយានិករបស់ខ្លួន បានបាត់បង់ជីវិត នៅពេលចូលទៅកៀកនឹងគោលដៅមួយ អំឡុងពេលមានការវាយប្រហារតាមផ្លូវអាកាសដ៏ធំរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ។
មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ការធ្លាក់កាលពីថ្ងៃចន្ទនោះ ហាក់ដូចជាមិនមែនជាលទ្ធផលនៃអគ្គិភ័យរបស់រុស្ស៊ីទេ ហើយមូលហេតុដែលអាចកើតមានចាប់ពីកំហុសរបស់អ្នកបើក រហូតដល់ការកំហុសឆ្គងផ្នែកមេកានិចនោះ កំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។
តែកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវបានស្នើសុំឲ្យចូលរួមក្នុងការស៊ើបអង្កេតណាមួយ ដើម្បីស្រាវជ្រាវពីឧបទ្ទវហេតុធ្លាក់យន្តហោះ F-16 នោះទេ។
គួរបញ្ជាក់ថា ការទៅដល់នៃយន្តហោះចម្បាំង F-16 ដំបូង គឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយពេញលេញ ដែលរុស្ស៊ី បានចាប់ផ្តើមកាលពី ២ឆ្នាំកន្លះមុន៕