ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursulavon der Leyen និយាយនៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបនៅមិនទាន់បានធ្វើរឿងគ្រប់គ្រាន់នោះទេក្នុងការពង្រឹងសមត្ថភាពផលិតអាវុធរបស់ខ្លួនស្របពេលមានការគំរាមកំហែងភូមិសាស្រ្តនយោបាយ ជាពិសេសសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែន ។
លោកស្រី Von der Leyenនិយាយប្រាប់វេទិកាGLOBESECដែលជាកិច្ចប្រជុំសន្តិសុខនៅទីក្រុង Prague ប្រទេសឆេកថា ការការពារអឺរ៉ុបគឺជាកាតព្វកិច្ចសំខាន់បំផុតនិងដំបូងរបស់អឺរ៉ុប ហើយស្របពេលដែលអង្គការណាតូឈរនៅកណ្តាលនៃវិស័យការពារសមូហភាពរបស់ពួកយើងពួកយើងត្រូវការសសរស្តំអឺរ៉ុងរឹងមាំខ្លាំងជាងនេះ ។
លោកស្រីនិយាយផងដែរថា វាគឺជាការភាន់ច្រឡំមួយដែលថាអឺរ៉ុបបានធ្វើរឿងគ្រប់គ្រាន់លើសន្តិសុខ នៅដើមទសវត្សរ៍នេះ ដោយលោកស្រីបញ្ជាក់ថា នៅពាក់កណ្តាលទី២ ទសវត្សរ៍នេះ នឹងកាន់តែប្រឈមហានិភ័យខ្ពស់ ។
លោកស្រី Von der Leyenនិយាយថា យើងជាអឺរ៉ុប ត្រូវតែការពារ ។ពួកយើងត្រូវតែយកចិត្តទុកដាក់លើវិមាត្រសន្តិសុខដែលពួកយើងធ្វើ ។ពួកយើងត្រូវគិតថាសហភាពរបស់ពួកយើង គឺជាគម្រោងសន្តិសុខយ៉ាងពិតប្រាកដ ៕